បាល់ទាត់៖ ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀកឡង់បានដាក់សំណើរួមគ្នាជាផ្លូវការហើយ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2028។
សមាគមបាល់ទាត់ចំនួន ៥ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនតាំងពីខែកុម្ភៈម្ល៉េះ បន្ទាប់ពីបានព្រមព្រៀងនឹងគ្នាប្រកាសដកខ្លួនពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2030 ដោយបង្វែរមកផ្តោតលើការដេញថ្លៃលើការរៀបចំជើងឯកទ្វីបអឺរ៉ុប Euro 2028 វិញ។ ការសំរេចចិត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស ក្រោមការសិក្សារបស់គណៈកម្មាធិការវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ និងកីឡា DCMS បានពិពណ៌នាការដេញថ្លៃ World Cup នាពេលខាងមុខដោយត្រូវចំណាយថវិកាយ៉ាងច្រើនសន្ថឹកសន្ធាប់ ដែលអាចផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
អង់គ្លេសក៏ធ្លាប់បរាជ័យដែរក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2018 នៅរុស្ស៊ីកន្លងមក ដោយកាលនោះក្រោមការដឹកនាំដេញថ្លៃដោយ David Beckham ព្រះអង្គម្ចាស់ Williams និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron។ រំលឹកថា អង់គ្លេសធ្លាប់ទទួលរៀបចំការប្រកួតបាល់ទាត់ពិភពលោកម្តងតាំងពីឆ្នាំ១៩៦៦ ដែលកាលនោះអង់គ្លេសគឺជាជើងឯកតែម្តង៕
អត្ថបទ៖នាង សុភាវុធ