ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃទី៤ មីនា សប្ដាហ៍នេះថា ការចរចាសន្តិភាពត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវបានផ្អាកដោយសារតែសង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

លោកបាននិយាយក្នុងសុន្ទរកថាពេលល្ងាចមួយថា ពួកលោកបន្តទាក់ទងជាមួយសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ។ សម្រាប់ពេលនេះ ដោយសារតែស្ថានភាពជាមួយអ៊ីរ៉ង់ សញ្ញាចាំបាច់សម្រាប់កិច្ចប្រជុំត្រីភាគីមិនទាន់មកដល់នៅឡើយទេ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃ២៨កុម្ភៈ បន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសនេះ។
ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផលិតគ្រាប់បែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី បានកើនឡើងក្នុងរដូវរងា ហើយសន្ទុះបានថយចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Zelenskyy បាននិយាយថា ដរាបណាស្ថានភាពសន្តិសុខ និងបរិបទនយោបាយទូលំទូលាយអនុញ្ញាតឱ្យពួកលោកបន្តការងារការទូតត្រីភាគី ពួកលោកនឹងធ្វើ។ អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់សម្រាប់ចរចាបញ្ចប់សង្គ្រាមដែលមានអាយុកាលជាង៤ឆ្នាំមកនេះ៕


