អ៊ីស្រាអែល បានចេញបញ្ជាឱ្យជម្លៀសចេញដោយបង្ខំដល់ប្រជាជនទាំងអស់នៅភាគខាងត្បូងប្រទេសលីបង់ ដែលធ្វើឲ្យការភៀសខ្លួនជាបន្តបន្ទាប់យ៉ាងច្រើនកាន់តែអាក្រក់ ខណៈយោធាអ៊ីស្រាអែល បន្តបើកការវាយប្រហារដ៏បង្ហូរឈាមនៅទូទាំងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែល បានបញ្ជាឱ្យជនស៊ីវិលលីបង់ «ជម្លៀសចេញពីលំនៅឋានរបស់ពួកគេជាបន្ទាន់ ហើយផ្លាស់ទីទៅភាគខាងជើងហួសពីទន្លេ Litani» ខណៈខ្លួនមានផែនការទម្លាក់គ្រាប់បែកលើអ្វីដែលបានចាត់ទុកថាជាគោលដៅក្រុមហេសបូឡា។

លោក Bernard Smith មកពីសារព័ត៌មាន Al Jazeera បានរាយការណ៍ពីរដ្ឋធានីបេរូត ប្រទេសលីបង់ថា «មនុស្សរាប់ម៉ឺននាក់កំពុងត្រូវបានបង្ខំឱ្យភៀសខ្លួនទៅភាគខាងជើង»។
មនុស្សយ៉ាងហោចណាស់ ៨៣.០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅទូទាំងប្រទេសលីបង់ ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាថ្មីលើប្រទេសនេះ កាលពីដើមសប្តាហ៍ នេះបើយោងតាមតួលេខចុងក្រោយពីក្រសួងសង្គមកិច្ចប្រទេសលីបង់។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនកាន់តែខ្លាំងឡើងបានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហេសបូឡាបានបាញ់រ៉ុក្កែតចូលទៅកាន់ទឹកដីអ៊ីស្រាអែល បន្ទាប់ពីការចាប់ផ្តើមវាយប្រហារកាលពីថ្ងៃសៅរ៍ធ្វើឡើងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមនៅលីបង់។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧២នាក់ រួមទាំងកុមារ៧នាក់ ត្រូវបានសម្លាប់ និង៤៣៧នាក់ផ្សេងទៀតរងរបួស នៅក្នុងរលកនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅនៅភាគខាងត្បូងប្រទេស ព្រមទាំងតំបន់នានានៅរដ្ឋធានីបេរូត។