សារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពចំនួនបីថា យន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន ពុំមានមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិក គ្រប់គ្រាន់សម្រាប់បាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៊ីនោះទេ អស់ជាង ៣សប្តាហ៍មកហើយ បន្ទាប់ពីការផ្គត់ផ្គង់ពីបណ្តាដៃគូរបស់ទីក្រុងគីវបានរីងស្ងួត ស្របពេលទីក្រុងមូស្គូ កំពុងរៀបចំយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំប្រចាំរដូវរងា។
កង្វះខាតយ៉ាងធ្ងន់ធ្ងរចាប់ពីចុងខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែធ្នូ កន្លងទៅ បានបង្ហាញឱ្យឃើញនូវភាពងាយរងគ្រោះនៃប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន ដែលពឹងផ្អែកយ៉ាងខ្លាំងលើសម្ព័ន្ធមិត្តលោកខាងលិច សម្រាប់មីស៊ីល និងប្រព័ន្ធការពារ ដើម្បីទប់ទល់នឹងការវាយប្រហារដ៏ញឹកញាប់របស់រុស្ស៊ី។

ទីក្រុងគីវ តែងត្អូញត្អែរពីការខ្វះខាតអាវុធ ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមកាលពីជាង ៤ ឆ្នាំមុនមក ហើយបានប្រកាសអាសន្នពីកង្វះខាតដ៏សំខាន់ក្នុងប៉ុន្មានខែថ្មីៗនេះ។ ប្រភពទាំងបី ដែលសុទ្ធតែដឹងផ្ទាល់អំពីស្ថានភាពនេះ បាននិយាយថា អ៊ុយក្រែនមានមីស៊ីលបាញ់ពីអាកាសទៅអាកាស ប្រភេទ AIM-9 ផលិតដោយសហរដ្ឋអាមេរិក តែមួយចំនួនតូចប៉ុណ្ណោះសម្រាប់កងយន្តហោះ F-16 ទាំងមូលរបស់ខ្លួន នៅពេលដែលការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់។
មូលហេតុនៃកង្វះខាតមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនដឹងដែរថា តើការពន្យារពេលនេះបណ្តាលមកពីអាមេរិក ឬក៏អឺរ៉ុបនោះឡើយ។ ប្រភពនិយាយថា ដៃគូបរទេសរបស់អ៊ុយក្រែនបានប្រាប់ទីក្រុងគីវថា ពួកគេពុំមានស្តុកអាវុធដែលអាចផ្តល់ឱ្យបានទេ ដោយមិនបញ្ជាក់ថាជាដៃគូណាមួយឡើយ។ ជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីសេតវិមាន មន្ត្រីអាមេរិកមួយរូបបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តក្នុងការបញ្ឈប់សង្គ្រាម និងគាំទ្រអ៊ុយក្រែន តាមរយៈការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅអង្គការណាតូ ដែលនឹងផ្គត់ផ្គង់បន្តទៅអ៊ុយក្រែន៕

