ភ្នំពេញ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានជំរុញឱ្យអាជ្ញាធរខណ្ឌដង្កោ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត និង ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្តម បានជំរុញ និងលើកទឹកចិត្ត ឱ្យអាជ្ញាធរ ប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ -សង្កាត់ មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាទាំងឡាយណា ដែលកើតឡីងនៅមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ៕







