វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Ashleigh Barty បានធ្វើឱ្យពិភពកីឡាមានការភ្ញាក់ផ្អើល បន្ទាប់ពីការប្រកាសចូលនិវត្តន៍ពីអាជីពត្រឹមវ័យ ២៥ឆ្នាំ និងកំពុងទទួលបានជោគជ័យ។

កីឡាការិនីអូស្ត្រាលីរូបនេះបានប្រកាសពីការចូលនិវត្តន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន កាលពីថ្ងៃពុធនៅលើបណ្តាញសង្គមដោយថា ការចាកចេញរបស់នាងគឺដើម្បីឈោងចាប់ក្តីស្រមៃ ហើយនាងបានសម្រេចចិត្តរួចហើយ ហើយក៏សប្បាយចិត្តដែរ។ Ashleigh Barty ធ្លាប់ឈ្នះជើងឯក Grand Slam បីលើករួចមកហើយក្នុងអាជីពរបស់នាង បូករួមទាំង Australian Open ដែលទើបឈ្នះថ្មីៗកាលពីខែមករា ដែលធ្វើឱ្យនាងក្លាយជាកីឡាការិនីម្ចាស់ផ្ទះទីមួយដែលឈ្នះពាន Australian Open ក្នុងរយៈពេល ៤៤ឆ្នាំរាប់ទាំងការប្រកួតនារី និងបុរស។
Ashleigh Barty នៅតែឈរតំណែងលេខ ១ ពិភពលោកដដែលតាំងពីនាងឈ្នះពាន Grand Slam លើកដំបូងនៅ French Open តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះមានរយៈពេល ១១៤សប្តាហ៍មកហើយ។ មានតែកីឡាការិនី Steffi Graf និង Serena Williams ដែលគ្រប់គ្រងតំណែងលេខ ១ ពិភពលោកបានយូរជាងគេសរុប ១៨៦សប្តាហ៍ដូចគ្នា និងកីឡាការិនី Martina Navratilova ១៥៦សប្តាហ៍៕
អត្ថបទ៖នាង សុភាវុធ