យោធាអាមេរិកបានឲ្យដឹងថា ខ្លួននៅតែប្តេជ្ញាការពារកូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាដាក់ពង្រាយនូវធនធានយោធាអាមេរិកក្នុងតំបន់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះជាមួយអ៊ីរ៉ង់កំពុងកើនឡើង។
កងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង ដែលត្រួតពិនិត្យវត្តមានយោធាអាមេរិក នៅឧបទ្វីបកូរ៉េ បានប្រាប់សារព័ត៌មាន Bloomberg News ថា ខ្លួននៅតែផ្តោតលើការរក្សាគោលជំហរកងកម្លាំងដ៏រឹងមាំ ត្រៀមខ្លួនរួចជាស្រេច និងអាចទុកចិត្តបានក្នុងការប្រយុទ្ធ នៅឧបទ្វីបកូរ៉េ ហើយប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារកូរ៉េខាងត្បូង។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីសារព័ត៌មានភាសាកូរ៉េ DongA Ilbo ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន កំពុងពិគ្រោះយោបល់ទាក់ទងនឹងតម្រូវការគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក និងការដាក់ពង្រាយឡើងវិញនូវធនធានកងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េត្បូង ទៅកាន់តំបន់មជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិកមានទាហានប្រហែល ២៧.០០០នាក់ នៅកូរ៉េខាងត្បូង និងមានប្រព័ន្ធការពារដែនអាកាសជាច្រើនដែលមានទីតាំងនៅឧបទ្វីបនេះ ក្នុងនោះរួមទាំងប្រព័ន្ធ Patriot និង THAAD ផងដែរ។ កូរ៉េខាងត្បូងនៅតែស្ថិតក្នុងស្ថានភាពមានសង្គ្រាមជាមួយកូរ៉េខាងជើង ខណៈដែលសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ តែមិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ៕
