ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា កំពុងព្យាយាមអូសទាញបណ្ដាប្រទេសអារ៉ាប់ឲ្យធ្លាក់ចូលទៅក្នុងជម្លោះកាន់តែរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ដោយបញ្ឆេះឲ្យអ៊ីរ៉ង់វាយប្រហារគោលដៅនានា នៅទូទាំងតំបន់ ហើយបានបញ្ជាក់ថា មិនមានសញ្ញាណាមួយដែលទីក្រុងវ៉ាស៊ីនតោន និង Tel Aviv នឹងបង្អង់ដៃឡើយ។
បណ្ដារដ្ឋអារ៉ាប់ នៅឈូងសមុទ្រ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដោយខ្លះក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី បានស្ថិតនៅក្រោមការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរបស់ពួកគេ លើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃរដ្ឋឈូងសមុទ្រអារ៉ាប់ចំនួន ៤រូប កាលពីថ្ងៃចន្ទ ដោយស្នើផ្តល់ជូននូវការប្រើប្រាស់ទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយអ៊ីរ៉ង់ ដើម្បីបង្ហាញពីក្ដីបារម្ភ អំពីការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធប្រេង នៅទូទាំងតំបន់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា កំពុងព្យាយាមដោយចេតនាអូសទាញរដ្ឋឈូងសមុទ្រអារ៉ាប់ឲ្យធ្លាក់ចូលទៅក្នុងមហាវិបត្តិដែលកាន់តែរីករាលដាលធំទៅៗ។
ក្រសួងបានលើកឡើងថា៖ «ប្រទេសទាំង២ បានបញ្ឆេះអ៊ីរ៉ង់ដោយចេតនា ក្នុងគោលបំណងឲ្យធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអារ៉ាប់មួយចំនួន ដែលនាំឲ្យមានការបាត់បង់ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ ជាអ្វីដែលភាគីរុស្ស៊ីមានការសោកស្តាយយ៉ាងខ្លាំង»៕


