ប្រធានសេដ្ឋវិទូនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងនៅថ្ងៃសុក្រ (៦ មីនា) នេះថា ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz អូសបន្លាយត្រឹមតែប្រហែល ១ខែ ដូចការព្យាករមួយចំនួនរបស់សហរដ្ឋអាមេរិកនោះ ផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីដែលកំពុងអភិវឌ្ឍ នឹងមានកម្រិតមធ្យមប៉ុណ្ណោះ ពោលគឺគ្រាន់តែជាការ «ធ្លាក់ចុះបន្តិចបន្តួច និងបណ្ដោះអាសន្ន» នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ។

លោក Albert Park សេដ្ឋវិទូប្រចាំធនាគារ ADB បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្នុងបទសម្ភាសន៍មួយថា៖ «សេណារីយ៉ូភាគច្រើន... បង្ហាញថា ផលប៉ះពាល់នឹងមានភាពអវិជ្ជមាន ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យមប៉ុណ្ណោះ» ដោយលោកបន្ថែមថា សូម្បីតែស្ថិតក្រោមការសន្មតបែបអវិជ្ជមានបំផុតក៏ដោយ ក៏សម្ពាធនេះនឹងមិនធ្វើឱ្យកំណើនក្នុងតំបន់ធ្លាក់ចុះដល់ ១% ពេញនោះដែរ។

គួរឱ្យដឹងថា តំបន់អាស៊ីដែលកំពុងអភិវឌ្ឍ រួមមានសេដ្ឋកិច្ចចំនួន ៤៦ រាប់ចាប់ពីប្រទេសចិន និងឥណ្ឌា រហូតដល់ហ្សកហ្ស៊ី និងសាម័រ ប៉ុន្តែមិនរាប់បញ្ចូលជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ឡើយ។

លោក Park បានលើកឡើងថា ហានិភ័យនឹងកើនឡើងយ៉ាងខ្លាំង ប្រសិនបើជម្លោះនេះអូសបន្លាយពេលយូរ ហើយព្រមានថា ជម្លោះអាចជំរុញឱ្យតម្លៃថាមពលឡើងថ្លៃ បង្កភាពរអាក់រអួលកាន់តែខ្លាំងដល់ការដឹកជញ្ជូន និងពាណិជ្ជកម្ម បន្ថយតម្រូវការសកល និងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែច្រើនដល់ទីផ្សារហិរញ្ញវត្ថុ។ លោក Park បានកត់សម្គាល់ថា អត្រា ៨០% នៃប្រេង និងឧស្ម័នដែលឆ្លងកាត់ច្រកសមុទ្រ Hormuz គឺមានគោលដៅឆ្ពោះមកកាន់អាស៊ី ដែលនេះសបញ្ជាក់ឱ្យឃើញពីភាពងាយរងគ្រោះរបស់តំបន់ ចំពោះភាពរអាក់រអួលនៃការផ្គត់ផ្គង់ក្នុងរយៈពេលយូរ៕