អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីឈានទៅរកដំណោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់ដោយគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះថា ចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្រាបតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជានិងថៃបានឯកភាពគ្នាក្នុងការគោរពព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ និងប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខ័ណ្ឌសីម៉ាព្រំដែនគោក (JBC) ដើម្បីវាស់វែងកំណត់ខណ្ឌសីម៉ាឱ្យបានច្បាស់លាស់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ការការពារបូរណភាពទឹកដី និងការពារប្រជាលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ទាំងថ្នាក់ដឹកនាំកំពូល ទាំងមន្ត្រីថ្នាក់ដឹកនាំជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងសកម្មបំផុតដោយមិនខ្លាចនឿយហត់ក្នុងការមើលថែទាំប្រជាពលរដ្ឋភៀសសឹក និងការទាមទារឱ្យមានដំណោះស្រាយដោយសន្តិវិធីអំពីបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្គត់ធ្ងន់ថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕
