ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) ថា ទីក្រុងវ៉ាស៊ីនតោន និងអាជ្ញាធរបណ្ដោះអាសន្ននៅវ៉េណេស៊ុយអេឡា បានព្រមព្រៀងបង្កើតទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញ ក្នុងគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរដោយសន្តិវិធី ដើម្បីបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់កាលពីឆ្នាំ២០១៩ ក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ចំណាត់ការនេះក៏បានកើតឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងជាច្រើនខែ ក្រោយសហរដ្ឋអាមេរិក បានចាប់ខ្លួនអតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា ដែលបានបង្កឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ រួមទាំងការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez ផងដែរ។

ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានចាប់ផ្តើមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញជាបណ្តើរៗ បន្ទាប់ពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកស្រី Rodriguez បានបង្ហាញបំណងក្នុងការកសាងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ តាមរយៈបេសកកម្មការទូតនៅក្នុងប្រទេសទាំងពីរ ក្រោយការចាប់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនោះ។

ស្ថានទូតអាមេរិកប្រចាំទីក្រុងការ៉ាកាស ដែលបានបិទតាំងពីឆ្នាំ២០១៩មក បានបើកឡើងវិញរួចទៅហើយ ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានតែងតាំងអ្នកការទូតថ្មីប្រចាំវ៉េណេស៊ុយអេឡាផងដែរ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានឆន្ទៈឈានទៅរក «ដំណាក់កាលថ្មីនៃកិច្ចសន្ទនាប្រកបដោយស្ថាបនា»។ ប្រភពជាច្រើនប្រាប់សារព័ត៌មាន BBC ថា មន្ត្រីការទូតបន្ថែមទៀតពីស្ថានទូតអាមេរិកនៅកូឡុំប៊ី រំពឹងថានឹងត្រូវផ្ទេរទៅកាន់ទីក្រុងការ៉ាកាស ក្នុងពេលឆាប់ៗនេះ៕