រដ្ឋាភិបាលប្រទេសហ្វាំងឡង់និយាយថា រដ្ឋាភិបាលបានស្នើឱ្យមានការផ្លាស់ប្តូរច្បាប់ដែលហាមឃាត់ការនាំចូលឧបករណ៍នុយក្លេអ៊ែរទៅក្នុងប្រទេស។ រដ្ឋាភិបាលបានលើកឡើងថា ជាហេតុផលនៃការផ្លាស់ប្តូរជាមូលដ្ឋានក្នុងបរិយាកាសសន្តិសុខ។ រដ្ឋាភិបាលហ្វាំងឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរដែលបានស្នើឡើងនឹងអនុញ្ញាតឱ្យមានការនាំចូលឧបករណ៍នុយក្លេអ៊ែរទៅក្នុងប្រទេស ឬការដឹកជញ្ជូន ការផ្គត់ផ្គង់ ឬមានជាកម្មសិទ្ធរបស់ខ្លួននៅក្នុងប្រទេស ដោយវាត្រូវបានភ្ជាប់ទៅនឹងការការពារមាតុភូមិ ការការពាររួមរបស់សម្ព័ន្ធយោធាណាតូ ឬកិច្ចសហប្រតិបត្តិការការពារជាតិ។
រដ្ឋាភិបាលបាននិយាយបន្ថែមថា ចំណាត់ការនេះពុំមានន័យថាប្រទេសហ្វាំងឡង់ ស្វែងរកអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីរបស់ខ្លួននោះទេ។ លោក Antti Hakkanen រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស បាននិយាយជាមួយអ្នកសារព័ត៌មានអំពីបញ្ហានេះ។ លោកនិយាយថា ការធ្វើវិសោធនកម្មគឺចាំបាច់។ លោក Hakkanen បានលើកឡើងថា ពួកគេនឹងអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ទាញយកប្រយោជន៍ពេញលេញពីការរារាំង និងការការពាររួមរបស់សម្ព័ន្ធយោធាណាតូ។

រដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា រដ្ឋាភិបាលចង់ឱ្យវិសោធនកម្មទាំងនេះចូលជាធរមានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រទេសហ្វាំងឡង់ មានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងបានចូលរួមជាមួយសម្ព័ន្ធយោធាណាតូក្នុងឆ្នាំ២០២៣។ អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋសមាជិកណាតូជាច្រើននៅអឺរ៉ុបសម្រាប់គោលបំណងទប់ស្កាត់។ កាលពីថ្ងៃចន្ទ ប្រទេសបារាំង បាននិយាយថា ខ្លួននឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខដែលកំពុងកើនឡើង។

