សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងបន្តការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ពិសេស ការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានភាគផលពីកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រីដែលបម្រើការក្នុងវិស័យមាសបៃតង ការដាក់ចេញ នូវផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យទេសចរណ៍ និងកម្មវិធីអភិវឌ្ឍនានារបស់ក្រសួង។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងទេសចរណ៍ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការសរុបចំនួន ១,៣១៨ រូប (ស្រ្តី៤៥២រូប ស្មើនឹង៣៤.២៩%) ក្នុងនោះ នៅទីស្តីការក្រសួង មានមន្រ្តីសរុបចំនួន ៨១៧រូប (ស្រ្តី២៦៤រូប ស្មើនឹង ៣២.៣១%) និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត មានមន្រ្តីរាជការចំនួន ៥០១រូប (ស្រ្តី១៨៨រូប ស្មើនឹង ៣៧.៥២%)។ ចំណែកឯមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន ៥៤៥រូប (ស្រ្តី២៧៩រូប ស្មើនឹង ៥១.២០%) ក្នុងនោះទីស្តីការក្រសួង មានចំនួន ២៤៥រូប (ស្រ្តី១១៩រូប ស្មើនឹង ៤៨.៥៧%) និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត មានមន្រ្តីកិច្ចសន្យាចំនួន ៣០០រូប (ស្រ្តី១៦០រូប ស្មើនឹង ៥៣.៣៣%)។ ដោយឡែក កម្លាំងពលកម្មជាស្រ្តីក្នុងវិស័យទេសចរណ៍ មានប្រមាណជិត៦០% នៃកម្លាំងពលកម្មសរុប ដោយស្រ្តីមានវត្តមាននៅគ្រប់សេវាកម្មទាំងអស់នៃវិស័យទេសចរណ៍។

មានប្រសាសន៍ក្នុងអង្គពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ដោយបានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំប្រារព្ធទិវានារីអន្តរជាតិ៨មីនា និងបង្កើតឱ្យមានយុទ្ធនាការនានាក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាពនិងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី ដោយបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រាព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា (៥-មីនា-២០២៦) ស្ថិរភាពសង្គម និងវិបុលភាពសង្គម។
សម្រាប់កម្ពុជា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តីនិងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម៕









