ទីស្នាក់ការកណ្តាលកំពូលនៃកងកម្លាំងយោធាសម្ព័ន្ធមិត្តអឺរ៉ុប (SHAPE) របស់អង្គការណាតូ (NATO) កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) បានប្រកាសថា ការត្រៀមការពារមីស៊ីលបាលីស្ទិក នឹងនៅតែស្ថិតក្នុង «កម្រិតខ្ពស់» រហូតដល់ស្ងប់នូវការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ នៅទូទាំងតំបន់។
អ្នកនាំពាក្យរបស់ SHAPE លោក Martin L. O'Donnell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «ខ្ញុំអាចបញ្ជាក់បានថា កាលពីម្សិលមិញ (ថ្ងៃពុធ) បន្ថែមពីលើការស្ទាក់ចាប់ដោយជោគជ័យរបស់អង្គការណាតូ ចំពោះមីស៊ីលបាលីស្ទិកបាញ់ចេញពីអ៊ីរ៉ង់ដែលបានកំណត់គោលដៅលើទួរគី ជាប្រទេសដែលបានប្រកាសបែបនោះដំបូងគេ អង្គការណាតូបានបង្កើនការត្រៀមការពារមីស៊ីលបាលីស្ទិក នៅទូទាំងដែនដីសម្ព័ន្ធមិត្ត»។

លោក O'Donnell បានកត់សម្គាល់ថា វិធានការនេះត្រូវបានធ្វើឡើងដោយមេបញ្ជាការនៃទីបញ្ជាការអាកាសរបស់អង្គការណាតូ «ដែលបានណែនាំបន្ថែមទៀតថា ការត្រៀមការពារមីស៊ីលបាលីស្ទិករបស់អង្គការណាតូនៅតែស្ថិតក្នុងកម្រិតខ្ពស់នេះ រហូតដល់ការគំរាមកំហែងពីការវាយប្រហារដោយមិនរើសអើងជាបន្តបន្ទាប់របស់អ៊ីរ៉ង់ នៅទូទាំងតំបន់ស្ងប់ស្ងាត់»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិទួរគី បានឲ្យដឹងកាលពីថ្ងៃពុធថា មីស៊ីលបាលីស្ទិក ១គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយតម្រង់ទៅដែនអាកាសទួរគី ត្រូវបានស្ទាក់ចាប់ និងធ្វើឲ្យលែងដំណើរការដោយអង្គភាពការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូ នៅភាគខាងកើតមេឌីទែរ៉ាណេ៕


