នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្លូវជាតិលេខ៥១ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាតលេខ៥១ គឺជាផ្លូវវាងក្រុងដ៏សំខាន់ ចំណេញពេលវេលា និងចំណេញថវិកា ព្រមទាំងមានទិសដៅទៅតំបន់ស្ទើរពាក់កណ្តាលប្រទេស ហើយជាផ្លូវជាតិ ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលមាននៅកម្ពុជានៅពេលនេះ គឺបានកើតមានដោយសារកម្ពុជាមានសុខសន្តិភាព ហើយសុខសន្តិភាពនេះ គឺជាកត្តាចម្បងជាងអ្វីៗទាំងអស់ មុននឹងយើងនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងសិទ្ធិមនុស្ស។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោកកំពុងអោយតម្លៃខ្ពស់ និងភាពចាំបាច់លើកត្តាសុខសន្តិភាព ដូចអ្វីដែលប្រធានាធិបតី អ៊ុយក្រែន បានប្រកាសទៅកាន់ពិភពលោកថា អ្វីដែលចាំបាច់ និងមានតម្លៃបំផុតសម្រាប់អ៊ុយក្រែននៅពេលនេះ គឺសន្តិភាព។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីវិនាសកម្មដោយសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលជាការខូចខាតមានទំហំធំ មិនងាយនឹងស្តារឡើងវិញបានឡើយ នេះមិនរាប់ដល់ភាពដែលអាចទៅរួច ដើម្បីរកសន្តិភាព ចរចាបញ្ចប់សង្គ្រាមផងទេ។ ជាក់ស្តែងនៅកម្ពុជា ភ្លើងសង្គ្រាមបានរលត់មែន តែផលលំបាកដោយបញ្ហានេះ រួមទាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកប់ក្នុងដីតែងបំផ្លាញអាយុជីវិតមនុស្សស្ទើរគ្មានលុះពេល។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់ព្រំប្រទល់រដ្ឋបាល នៃការគ្រប់គ្រង ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយបទល្មើសគ្រឿងញៀន និងចោរកម្ម តែងតែកើតមានចំពោះការឆកល្វែងទាំងនោះ។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះសម្តេចនឹងបន្តឈរឈ្មោះជាបេក្ខជនធ្វើជានាយករដ្ឋមន្រ្តីដដែល
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការតែងតាំងមន្ត្រី សូមកុំគិតពីអាយុពេក សំខាន់តើគេអាចបំពេញកិច្ចការនោះបានឬទេ? អ្វីដែលសំខាន់ គឺការគោរព និងអោយតម្លៃគ្នារវាងមនុស្សចាស់ និងក្មេង។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខារួចហើយ ចំពោះថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា ឆ្នាំនេះត្រូវតែប្រារព្ធពិធីចូលឆ្នាំឲ្យបាន ប៉ុន្តែនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះវិធានការសុខាភិបាល បើទោះបីជាស្ថានការណ៍នៃការរីករាលដាលនូវមេរោគកូវីដ១៩មានលក្ខណៈធូស្រាលក៏ដោយនោះ
- សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រាកលំហែកាយរយៈពេល៣ថ្ងៃជាប់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅខេត្តព្រះសីហនុ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តម្លៃប្រេងឥន្ធនៈ យើងលែងគ្រប់គ្រងបានទៀតហើយ ហើយយើងក៏មិនដឹងថា នៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រេងសាំងនឹងឡើងដល់តម្លៃប៉ុន្មាននោះដែរ។ សម្តេចបញ្ជាក់ថា បញ្ហាប្រេងសាំងនេះ ក៏វាពាក់ព័ន្ធនឹងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋផងដែរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អាជ្ញាធរការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ ព្រមទាំងរក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
សង្កថាសម្តេចចប់នៅវេលាម៉ោង ៨ និង ៥៥នាទី