អាស៊ីអាគ្នេយ៍៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឲ្យគណៈកម្មការជំនាញ និងគ្រប់ភាគីពាក់ព័ន្ធត្រូវរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាបពីថ្ងៃទី០៨-១០ ខែមេសាខាងមុខឲ្យទទួលបានជោគជ័យ ដ្បិតកិច្ចប្រជុំនេះក៏ឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅរកភាពជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ដីពីការត្រួតពិនិត្យការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកដំបូងក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនាឆ្នាំ២០២៣ បន្ទាប់ពីកម្ពជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយចប់កិច្ចប្រជុំថា ពិតជាមានសារសំខាន់ណាស់ដើម្បីស្វែងរកការគាំទ្របន្ថែម ពិសេសដើម្បីធានាឲ្យបាននូវអ្វីដែលជាសំណើ និងបញ្ហាប្រឈមរបស់ម្ចាស់ផ្ទះកម្ពុជា ជូនដល់បណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍។ ដូច្នេះក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិត ថោង ខុន តែងតែយកចិត្តទុកដាក់ខ្ពស់ និងពិនិត្យ តើអ្វីដែលកម្ពុជាអាចធ្វើទៅបាន និងដឹកនាំអាស៊ានបានល្អ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជូនសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ទទួលបាននូវភាពកក់ក្តៅបំផុតដើម្បីជាកិត្តិយសជាតិ ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផង និងក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ផង។
កាលណាបើកិច្ចប្រជុំនេះទទួលបានជោគជ័យមានន័យថា បណ្តាប្រទេសអាស៊ាននឹងត្រៀមបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីមកកាន់តែច្រើន ហើយបើប្រតិភូកីឡាមកច្រើនមានន័យថា ពួកគាត់មកលើកទឹកចិត្តដល់ម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា ហើយម្ចាស់ផ្ទះកម្ពុជាក៏នឹងទទួលបាននូវភាពជោគជ័យផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំរយៈពេល ៣ថ្ងៃនៅលើទឹកដីអង្គរនៃខេត្តសៀមរាបនេះ នឹងមានសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ភាគច្រើននឹងចូលរួមផ្ទាល់ ខណៈមួយចំនួននឹងចូលរួមប្រជុំតាមអនឡាញ ហើយកិច្ចប្រជុំនេះក៏ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC យកចិត្តទុកដាក់ និងចង្អុលបង្ហាញឲ្យគ្រប់ភាគីពាក់ព័ន្ធរៀបចំឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា