នៅថ្ងៃអាទិត្យ (៨ មីនា) នេះ កងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងបន្តតាមកម្ចាត់នូវរាល់អ្នកបន្តវេនទាំងអស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍មុន។
ក្នុងការបង្ហោះលើបណ្តាញសង្គម X ជាភាសាហ្វាស៊ីរបស់អ៊ីរ៉ង់ កងទ័ពអ៊ីស្រាអែលក៏បានព្រមានផងដែរថា ខ្លួននឹងតាមកម្ចាត់រាល់បុគ្គលណាដែលព្យាយាមតែងតាំងអ្នកស្នងតំណែងលោក Khamenei ដោយសំដៅទៅលើស្ថាប័នសាសនាដែលមានភារកិច្ចជ្រើសរើសមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ិស្លាមមួយនេះ។ គួរឱ្យដឹងថា ការព្រមាននេះបានកើតឡើងភ្លាមៗ បន្ទាប់ពីស្ថាប័នសាសនាមួយនេះ ត្រៀមរៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់។

លោក Mojtaba Khamenei កូនប្រុសទីពីររបស់លោក Khamenei ត្រូវបានរំពឹងទុកថា នឹងបន្តតំណែងពីឪពុករបស់លោក ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដើម្បីដឹកនាំសាធារណរដ្ឋអ៊ិស្លាមមួយនេះ ឆ្លងកាត់ដំណាក់កាលដ៏ច្របូកច្របល់បំផុតក្នុងប្រវត្តិសាស្ត្រ ៤៨ឆ្នាំរបស់ខ្លួន ហើយក៏ជាសញ្ញាដ៏ខ្លាំងក្លាមួយបង្ហាញថា សម្រាប់ពេលនេះ អ៊ីរ៉ង់គ្មានបំណងនឹងផ្លាស់ប្តូរទិសដៅរបបដឹកនាំរបស់ខ្លួនឡើយ។
លោក Mojtaba វ័យ ៥៦ឆ្នាំ ដែលបានរួចជីវិតពីសង្គ្រាមផ្លូវអាកាសរវាងអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ត្រូវបានគេជឿថា ជាជម្រើសរបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC)។ ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោក Mojtaba ជាមួយកងឆ្មាំបដិវត្តន៍ ផ្តល់ឱ្យលោកនូវឥទ្ធិពលបន្ថែមនៅទូទាំងផ្នែកនយោបាយ និងសន្តិសុខរបស់អ៊ីរ៉ង់៕

