សង្គ្រាមស៊ូដង់ កំពុងបង្កផលប៉ះពាល់ផ្លូវចិត្តកាន់តែខ្លាំងឡើងដល់ប្រជាជន ខណៈដែលកម្រិតនៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺស្ត្រេសកាន់តែកើនឡើង ធ្វើឲ្យវិបត្តិសន្តិសុខ មនុស្សធម៌ និងសេដ្ឋកិច្ច នៅក្នុងប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើង។

ទុក្ខវេទនារបស់ជនស៊ីវិលស៊ូដង់ឥឡូវនេះ គឺលើសពីការស្លាប់ និងការលំបាកដែលអ្នករបួស អ្នកស្រេក ឃ្លាន និងជនភៀសខ្លួន កំពុងប្រឈមមុខ។ ជម្លោះនេះ ក៏កំពុងបំផ្លាញសុខុមាលភាពផ្លូវចិត្តរបស់ប្រទេសនេះផងដែរ។

ការប៉ាន់ប្រមាណដោយអង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុក ចង្អុលបង្ហាញពីវិបត្តិសុខភាពផ្លូវចិត្តកាន់តែអាក្រក់ឡើងៗ ដែលអាចបណ្តាលឲ្យមានស្លាកស្នាមរយៈពេលវែងដល់សង្គម ប្រសិនបើសេវាគាំទ្រផ្លូវចិត្ត និងឯកទេសព្យាបាល មិនត្រូវបានពង្រីកជាបន្ទាន់នោះទេ។
អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងរបាយការណ៍មួយថា ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្តកំពុងរីករាលដាលនៅក្នុងរដ្ឋធានីខាទុំ។ អត្រារីករាលដាលនៃជំងឺទាំងនេះ ឈានដល់ប្រហែល ១២ភាគរយ ក្នុងចំណោមសិស្សអនុវិទ្យាល័យ និងលើសពី ៥៩ភាគរយ ក្នុងចំណោមអ្នកផ្លាស់ទីលំនៅ៕