រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអាហ្វហ្គានីស្ថាន លោក Mohammad Yaqoob Mujahid បាននិយាយថា ប្រទេសរបស់លោកគ្មានបំណងបង្កើនអរិភាពជាមួយប្រទេសប៉ាគីស្ថានទេ ហើយចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TOLOnews លោកបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថាន មិនបានបង្កការប៉ះទង្គិចណាមួយឡើយ ប៉ុន្តែត្រូវបានបង្ខំឱ្យឆ្លើយតបទៅនឹងការឈ្លានពាន។

រដ្ឋមន្ត្រីរូបនេះ បាននិយាយថា «សាររបស់យើងទៅកាន់ប្រទេសនានាដែលសម្របសម្រួល គឺ យើងមិនស្វែងរកសង្គ្រាមទេ ហើយយើងជឿជាក់លើការចរចា»។
ភាពតានតឹងផ្នែកយោធារវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានកើនឡើងកាលពីពេលថ្មីៗនេះ ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថា បានចាប់ផ្តើមអំពើហិង្សា។