កូនប្រុសរបស់លោក Ali Khamenei គឺលោក Mojtaba ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ ដើម្បីឲ្យស្នងតំណែងឪពុករបស់លោក ក្នុងនាមជាមេដឹកនាំកំពូល ជាសញ្ញាមួយដែលបង្ហាញថា ក្រុមមាននយោបាយរឹងត្អឹងនៅតែបន្តកាន់អំណាចយ៉ាងរឹងមាំដដែល។

ស្ថាប័នសាសនាបានតែងតាំងបព្វជិតវ័យ ៥៦ឆ្នាំរូបនេះ ដែលបានរួចជីវិតពីសង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ជាអ្នកស្នងតំណែងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីលោក Ali Khamenei ត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមអាកាស។

លោក Mojtaba បានចាប់ផ្ដើមបង្កើតឥទ្ធិពល ក្រោមការដឹកនាំរបស់ឪពុកលោក ក្នុងនាមជាឥស្សរជនជាន់ខ្ពស់ម្នាក់ ដែលស្និទ្ធនឹងកងកម្លាំងសន្តិសុខ និងអាណាចក្រពាណិជ្ជកម្មដ៏ធំដែលពួកគេគ្រប់គ្រង។ លោកបានប្រឆាំងនឹងអ្នកកែទម្រង់ដែលកំពុងស្វែងរកការចូលរួមជាមួយលោកខាងលិច ខណៈដែលប្លុកនេះព្យាយាមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
បើយោងតាមប្រភពដែលដឹងបញ្ហានេះ បានឲ្យដឹងថា ទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ (IRGC) ផ្តល់ឲ្យលោកនូវឥទ្ធិពលបន្ថែមនៅទូទាំងប្រព័ន្ធនយោបាយ និងសន្តិសុខរបស់អ៊ីរ៉ង់ ហើយលោកបានបង្កើតឥទ្ធិពលនៅពីក្រោយឆាកក្នុងនាមជា «អ្នកទំនាក់ទំនង» ឲ្យឪពុកលោក។
លោកកើតនៅឆ្នាំ១៩៦៩ នៅ Mashhad ដែលជាទីក្រុងដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត ហើយធំដឹងក្ដីនៅពេលដែលឪពុករបស់លោក កំពុងជួយដឹកនាំយុទ្ធនាការប្រឆាំងស្តេច Shah។ កាលនៅក្មេង លោកបានបម្រើការក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់។
លោក Mojtaba បានសិក្សាក្រោមការដឹកនាំរបស់អ្នកអភិរក្សនិយមសាសនា នៅក្នុងសាលាសាសនាជាន់ខ្ពស់នៃទីក្រុង Qom ដែលជាមជ្ឈមណ្ឌលសិក្សាទ្រឹស្ដីសាសនាឥស្លាមនិកាយស៊ីអ៊ីតរបស់ប្រទេសអ៊ីរ៉ង់។ លោកមិនដែលកាន់តំណែងជាផ្លូវការនៅក្នុងរដ្ឋាភិបាលសាធារណរដ្ឋឥស្លាមនោះឡើយ។ លោកបានបង្ហាញវត្តមាននៅក្នុងការជួបជុំអ្នកមានភក្ដីភាព ប៉ុន្តែកម្រនិយាយជាសាធារណៈណាស់។
លោក Mojtaba មានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងឪពុករបស់លោក ហើយពាក់ឆ្នូតក្បាលពណ៌ខ្មៅ ដែលបង្ហាញថា គ្រួសាររបស់លោកមានដើមកំណើតមកពីព្យាការី Muhammad៕