អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ផូស្វ័រពណ៌ស «ដោយខុសច្បាប់» លើតំបន់លំនៅឋាន នៅភាគខាងត្បូងប្រទេសលីបង់កាលពីសប្តាហ៍មុន។

ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុង New York សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «យោធាអ៊ីស្រាអែលបានប្រើប្រាស់គ្រាប់រំសេវផូស្វ័រពណ៌សដោយខុសច្បាប់ អំឡុងពេលបាញ់កាំភ្លើងធំ លើផ្ទះសម្បែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុង Yohmor នៅភាគខាងត្បូងនៃប្រទេសលីបង់»។

HRW ដែលមានមូលដ្ឋាននៅទីក្រុង New York បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ខ្លួន «បានផ្ទៀងផ្ទាត់ និងកំណត់ទីតាំងភូមិសាស្ត្រតាមរយៈរូបភាពចំនួន ៧ ដែលបង្ហាញពីការផ្ទុះគ្រាប់រំសេវទៅលើអាកាសដោយមានសាធាតុផូស្វ័រពណ៌ស នៅតំបន់លំនៅឋាននៃទីក្រុងនេះ ហើយបុគ្គលិកការពារជនស៊ីវិលដែលកំពុងឆ្លើយតបទៅនឹងអគ្គិភ័យឆាបឆេះផ្ទះយ៉ាងហោចណាស់ចំនួន ២ខ្នង និងរថយន្តមួយគ្រឿង នៅក្នុងតំបន់នោះ»។
ផូស្វ័រពណ៌ស ដែលជាសារធាតុបង្កចំហេះ នៅពេលប៉ះនឹងអុកស៊ីសែន អាចត្រូវបានប្រើ ដើម្បីបង្កើតរបាំងលាក់បាំង និងបំភ្លឺសមរភូមិ។ ប៉ុន្តែគ្រាប់រំសេវមានសារធាតុនេះក៏អាចត្រូវបានប្រើជាអាវុធបង្កចំហេះផងដែរ ហើយអាចបង្កឱឲ្យមានអគ្គិភ័យ រលាកធ្ងន់ធ្ងរ បំផ្លាញផ្លូវដង្ហើម ធ្វើឲ្យខ្សោយសរីរាង្គ និងបណ្ដាលឲ្យបាត់ជីវិត។

អ៊ីស្រាអែល ដែលបានបន្តវាយប្រហារទៅលើក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ឆ្នាំ២០២៤ ក្ដី បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់ទូទាំងប្រទេសលីបង់ ចាប់តាំងពីសប្តាហ៍មុន ហើយបានបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងតំបន់ព្រំដែន បន្ទាប់ពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារលើខ្លួន៕