មន្ត្រីម្នាក់ នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកមនុស្ស ៦នាក់ដែលបាត់ខ្លួន បន្ទាប់ពីគំនរសំរាមដ៏ធំមួយ បានបាក់រលំនៅកន្លែងចាក់សំរាមធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍ ជាហេតុការណ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់។
លោកស្រី Desiana Kartika Bahari ប្រធានភ្នាក់ងារជួយសង្គ្រោះមូលដ្ឋាន បាននិយាយថា បំណាក់គំនរសំរាមនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅកន្លែងចាក់សំរាម Bantargebang ដែលមានទីតាំងនៅតំបន់ Bekasi ជាយក្រុងហ្សាការតា។

លោកស្រីបានប្រាប់សារព័ត៌មាន Reuters ថា វាទំនងជាបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានកើតមាននៅតំបន់នេះ ចាប់តាំងពីល្ងាចថ្ងៃសៅរ៍។ លោកស្រី Bahari បាននិយាយថា៖ «ភ្លៀងបានធ្លាក់ពេញមួយថ្ងៃ ចាប់ពីល្ងាចថ្ងៃសៅរ៍ ហើយគំនរសំរាមខ្ពស់ដូចភ្នំនោះ មិនមានស្ថិរភាពឡើយ»។
លោកស្រីបានបញ្ជាក់ថា អ្នកដែលបាត់ខ្លួន គឺជាអ្នកបើកបររថយន្ត និងអ្នករើសអេតចាយ ដោយបានបន្ថែមថា អាចមានមនុស្សជាច្រើនទៀត ត្រូវបានកប់នៅក្នុងកន្លែងចាក់សំរាមនេះ។ មានមនុស្ស ៤នាក់បានរួចផុតពីគ្រោះថ្នាក់នេះ។
អ្នកជួយសង្គ្រោះជាង ២០០នាក់ រួមមានទាំងបុគ្គលិកនគរបាល និងយោធាផងដែរ និងអេស្កាវ៉ាទ័រចំនួន ១៧គ្រឿង ត្រូវបានដាក់ពង្រាយតាំងពីព្រឹកថ្ងៃចន្ទនេះ ដើម្បីស្វែងរកអ្នកបាត់ខ្លួន៕


