ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa រាយការណ៍ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ដោយក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ក្នុងការវាយប្រហារមួយនៅទូទាំងតំបន់កាន់កាប់វ៉េសប៊ែង ។
ទីភ្នាក់ងារ Wafa រាយការណ៍ដោយលើប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីនថា អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបាញ់សម្លាប់ជនប៉ាឡេស្ទីន ២នាក់ អំឡុងការវាយប្រហារនៅពេលយប់ ក្នុងភូមិ Khirbet Abu Falah ស្ថិតនៅភាគឦសានទីក្រុង Ramallah ។

ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ Fare Jawdat Hamayel អាយុ ៥៧ឆ្នាំ និងឈ្មោះ Thaer Farouq Hamayel អាយុ ២៤ឆ្នាំ ហើយត្រូវបានគេបាញ់ត្រូវចំក្បាល ។
ចំណែកឯជនរងគ្រោះទី ៣ បានស្លាប់ដោយសារឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ដោយទាហានអ៊ីស្រាអែល ពេលដែលពួកគេអមដំណើរក្រុមអ្នកតាំងលំនៅនិគមន៍ ដើម្បីបំបែកហ្វូងអ្នកស្រុកដែលតតាំងជាមួយពួកគេ ។ ជនរងគ្រោះម្នាក់នេះ មានឈ្មោះ Muhammad Hassan Murrah អាយុ ៥៥ឆ្នាំ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X អនុប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Hussein al-Sheikh បានថ្កោលទោសការវាយប្រហារដ៏ឃោឃៅនេះ លើជនស៊ីវិលគ្មានកំហុស ដោយរូបលោកនិយាយថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស ។
យោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួន ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Khirbet Abu Falah បន្ទាប់ពីសេចក្តីរាយការណ៍ថា ជនប៉ាឡេស្ទីនរងការវាយប្រហារដោយជនស៊ីវិលអ៊ីស្រាអែលនៅជិតផ្ទះរបស់ពួកគេ ៕
