នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយនៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះថា អរិភាពអូសបន្លាយ នៅតំបន់មជ្ឈិមបូព៌ា នឹងបង្កជាហានិភ័យប៉ះពាល់ដល់ទីផ្សារ និងសេដ្ឋកិច្ច ខណៈដែលបង្កើតឲ្យមានបញ្ហាប្រឈមមិននឹកស្មានដល់ ដែលតម្រូវឲ្យអ្នកធ្វើគោលនយោបាយត្រៀមខ្លួន សម្រាប់ «ស្ថានភាពថ្មី»។

ក្នុងសន្និសីទមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកស្រី Georgieva បាននិយាយថា៖ «ប្រសិនបើជម្លោះថ្មី អូសបន្លាយពេលនោះ វាមានសក្តានុពលយ៉ាងច្បាស់លាស់ និងជាក់ស្តែង ក្នុងការប៉ះពាល់ដល់ទស្សនវិស័យទីផ្សារ កំណើន និងអតិផរណា ដោយធ្វើឲ្យមានស្ថានភាពប្លែកថ្មី ចំពោះអ្នកធ្វើគោលនយោបាយ»។
លោកស្រីបានបន្ថែមថា បញ្ហាភ្លាមៗមិនស្មានដល់ អាចកើតឡើង សូម្បីតែបន្ទាប់ពីជម្លោះបានបញ្ចប់ក៏ដោយ ដោយបញ្ជាក់ពីទស្សនវិស័យ ចំពោះការមាននូវភាពមិនប្រាកដប្រជាជាបន្តបន្ទាប់។ លោកស្រីបាននិយាយថា៖ «នៅក្នុងបរិយាកាសសកលថ្មីនេះ សូមគិតអំពីអ្វីដែលមិននឹកស្មានដល់ ហើយត្រៀមខ្លួនសម្រាប់វា»។
លោកស្រីបានចង្អុលបង្ហាញថា ចំណុចទាំងនេះបានគាំទ្រទស្សនៈរបស់ IMF ដែលថា ប្រទេសនានាត្រូវដោះស្រាយគោលនយោបាយក្នុងស្រុករបស់ពួកគេ ដើម្បីធានាថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយជាមួយនឹងវិបត្តិមិនស្មានដល់។
លោកស្រី Georgieva បានថ្លែងបន្ទាប់ពីប្រេងបានឡើងថ្លៃដល់ ១២០ដុល្លារ ក្នុងមួយបារ៉ែល នៅថ្ងៃទី៩ ខែមីនា មុនពេលធ្លាក់ចុះបន្តិច ក្នុងពេលជម្លោះរាលដាលកាន់តែខ្លាំងឡើង នៅតំបន់មជ្ឈិមបូព៌ា ហើយភាពតានតឹងមានសភាពកាន់តែខ្លាំងក្លា នៅលើផ្លូវដឹកជញ្ជូនប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលសកល៕


