អឺរ៉ុប៖ អ្នកគាំទ្រប្រទេសអ៊ុយក្រែនប្រមាណ ៣០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប្រុចសែលកាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈមេដឹកនាំបានជួបប្រជុំគ្នានៅក្នុងទីក្រុងនេះ ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ បាតុករបានដេកលើដីច្រើននាទីដើម្បីបង្ហាញថា សាកសពប្រជាជនអ៊ុយក្រែនបានស្លាប់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមកាលពីមួយខែមុន។

បាតុករម្នាក់ដែលបានភៀសខ្លួនចេញពីអ៊ុយក្រែនកាលពីជាង ២សប្តាហ៍មុនជាមួយកូនប្រុសរបស់នាង និងបានស្វែងរកឃើញទីជម្រកនៅប្រទេសលុចសំបួរបាននិយាយថា អ៊ុយក្រែនគឺជាលំនៅឋានរបស់ខ្ញុំ ហើយយើងចង់ត្រលប់ទៅលំនៅឋានរបស់យើងវិញ ហើយយើងចង់ឱ្យលោកពូទីន បញ្ឈប់សង្គ្រាមនេះ។ ក្រុមអ្នកតវ៉ាបានជំរុញឱ្យមេដឹកនាំសហភាពអឺរ៉ុប និងអង្គការណាតូធ្វើការបន្ថែមទៀត ដើម្បីជួយប្រទេសអ៊ុយក្រែនតាមរយៈការផ្តល់អាវុធបន្ថែម យន្តហោះចម្បាំង ឬដោយការបិទការហោះហើរលើអ៊ុយក្រែន។ Ivan Zinchenko ជនជាតិអ៊ុយក្រែនរស់នៅក្នុងប្រទេសបែលហ្ស៊ិកអស់រយៈពេល ៥ឆ្នាំដែលមានគ្រួសាររស់នៅក្នុងទីក្រុង Kharkiv បានអំពាវនាវឱ្យមេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូល ផ្តល់ជំនួយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ ប៊ុនថន