យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានធ្វើ «ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងអាកាសយានដ្ឋានយោធាចំនួន ៦កន្លែង» នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងឧត្តមភាពផ្លូវអាកាសរបស់ខ្លួន លើសាធារណរដ្ឋឥស្លាមនេះ។

យោធាបាននិយាយថា៖«យន្តហោះជាច្រើនគ្រឿង ត្រូវបានបំផ្លាញ ក្នុងនោះមានយន្តហោះរបស់កងកម្លាំង Quds Force ដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍ឥស្លាម និងឧទ្ធម្ភាគចក្រប្រយុទ្ធមួយចំនួនរបស់អ៊ីរ៉ង់»។
«លើសពីនេះ ផ្លូវយន្តហោះរត់ និងប្រព័ន្ធការពារ និងចាប់សញ្ញា ដែលមានបំណងប្រតិបត្តិការប្រឆាំងនឹងយន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសអ៊ីរ៉ង់ ត្រូវបានវាយប្រហារ»។

ការវាយប្រហារទាំងនេះ ហាក់ដូចជារួមបញ្ចូលការវាយប្រហារដែលបានប្រកាសកាលពីថ្ងៃសៅរ៍លើអាកាសយានដ្ឋានអន្តរជាតិ Mehrabad នៃទីក្រុងតេអេរ៉ង់ ដែលយោធាអ៊ីស្រាអែលបាននិយាយថា បានបំផ្លាញយន្តហោះចំនួន ១៦គ្រឿង ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក និយាយថា ពួកគេបានគ្រប់គ្រងភាគច្រើននៃដែនអាកាសអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការវាយប្រហាររបស់ពួកគេ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបង្កឲ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា៕