និស្សិតសាកលវិទ្យាល័យគុយបាមួយក្រុមតូច បានរៀបចំបាតុកម្មដ៏កម្រមួយដែលមានរយៈពេលរាប់ម៉ោង នៅសាកលវិទ្យាល័យឡាហាវ៉ាន កាលពីថ្ងៃចន្ទ (៩ មីនា) ដោយសារការខឹងសម្បារចំពោះភាពរអាក់រអួលនៃម៉ោងសិក្សា ស្របពេលការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងពីសំណាក់សហរដ្ឋអាមេរិក ដែលបានរួមចំណែកធ្វើឱ្យបណ្ដាញអគ្គិសនីរបស់ប្រទេសគុយបា ខិតជិតសភាពដួលរលំ ព្រមទាំងការដាច់អ៊ិនធឺណិតឥតឈប់ឈរ។

ក្រុមនិស្សិតបានអង្គុយតវ៉ានៅក្រោមពន្លឺថ្ងៃដ៏ក្តៅគគុក ដែលបង្កឱ្យមានជម្លោះពាក្យសម្ដីន្តិចបន្តួចជាមួយសាស្ត្រាចារ្យ និងបុគ្គលិករដ្ឋបាលសាកលវិទ្យាល័យមួយចំនួន។ ហ្វូងនិស្សិតតវ៉ាទាំងនោះបាននិយាយថា អាជ្ញាធរបានបរាជ័យក្នុងការចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ការរំខានធ្ងន់ធ្ងរដល់ការសិក្សា ក្នុងពេលដែលលសហរដ្ឋអាមេរិក បានបង្កើនការដាក់ទណ្ឌកម្ម និងសម្ពាធលើប្រទេសកោះក្នុងតំបន់ការ៉ាអ៊ីពមួយនេះ។
កាលពីខែមករា អាមេរិក បានកាត់ផ្ដាច់ការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា មិនឱ្យទៅដល់គុយបានោះទេ ដែលបានធ្វើឱ្យបណ្ដាញអគ្គិសនីដែលកំពុងតែទ្រុឌទ្រោមស្រាប់ទៅហើយរបស់ប្រទេសកោះនេះ កាន់តែអាក្រក់ទៅៗ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងបង្កឱ្យមានផលប៉ះពាល់ជាបន្តបន្ទាប់ដល់ការដឹកជញ្ជូន ការផ្គត់ផ្គង់ស្បៀងអាហារ និងបណ្ដាញទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិត។
អាជ្ញាធរគុយបា បានប្រកាសវិធានការជាបន្តបន្ទាប់កាលពីខែមករា ដើម្បីជួយសម្រួលវិបត្តិថាមពល រួមទាំងការសិក្សាពីចម្ងាយដូចកាលពីសម័យជំងឺរាតត្បាតកូវីដ-១៩ជាដើម។ ប៉ុន្តែក្រុមនិស្សិតបានលើកឡើងថា វិធានការទាំងនោះមិនទាន់គ្រប់គ្រាន់ឡើយ ហើយបានសម្រេចចិត្តធ្វើបាតុកម្មដើម្បីសម្ដែងកង្វល់របស់ពួកគេ៕


