អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យសម្ព័ន្ធមិត្តផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។

ថ្លែងពីទីក្រុងគីវតាមរយៈសារជាវីដេអូលោក Zelenskyy បាននិយាយថា អ៊ុយក្រែនបានបង្ហាញពីភាពរឹងមាំនៃកងទ័ពរបស់ខ្លួន ហើយវាអាស្រ័យលើអង្គការណាតូក្នុងការបង្ហាញថា អង្គការនេះពិតជាសម្ព័ន្ធភាពការពារជាតិដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំពិភពលោកបានបើកកិច្ចប្រជុំកំពូលបន្ទាន់ចំនួនបីកាលពីថ្ងៃព្រហស្បតិ៍ ព្រមទាំងការព្រមានយ៉ាងម៉ឺងម៉ាត់ពីអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា សម្ព័ន្ធមិត្តត្រូវតែបង្កើនការការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងឆ្លើយតបទៅនឹងភាពពិតនៃសន្តិសុខថ្មីនៅអឺរ៉ុប។
លោក Stoltenberg បានធ្វើអត្ថាធិប្បាយ ខណៈលោកបានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលផ្តោតលើការបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការវាយលុកលើអ៊ុយក្រែន ខណៈកំពុងមាននិន្នាការឈានទៅរកវិបត្តិសេដ្ឋកិច្ច និងសន្តិសុខដែលកំពុងរាលដាលពាសពេញអឺរ៉ុប និងពិភពលោក។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីឧក្រិដ្ឋកម្មសង្គ្រាម ដូចជាការប្រើប្រាស់គ្រាប់បែកផូស្វ័រ និងការផ្ទេរប្រជាជនអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។ លោក Zelenskyy បានជំរុញឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មពេញលេញលើប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន