តបតាមការអញ្ជើញរបស់ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និងលោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ប្រទេសនូវែលសេឡង់ ពីថ្ងៃទី១៣ ដល់ ១៤ ខែមីនា ឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសអូស្ត្រាលី ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦។

ជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយសមភាគី និងថ្នាក់ដឹកនាំរបស់ នូវែលសេឡង់ និងអូស្ត្រាលី ផ្តល់ឱកាសដ៏ល្អ ដើម្បីពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់ និងសកលលោក។
ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា ជាមួយនូវែលសេឡង់ និងអូស្ត្រាលី៕

