ភ្នំពេញ៖ ជាថ្មីម្តងទៀតគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៥ ខែមីនានេះ បានបញ្ជាក់ថា ការលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១ គឺស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមក្រុមប្រឹក្សាឃុំ សង្កាត់។
ឯកឧត្តម សោម សូរីដា ទីប្រឹក្សាគ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានអះអាងថា ការលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមក្រុមប្រឹក្សាឃុំ សង្កាត់ ខណៈបក្សនេះ បានក្លែងបន្លំឯកសារ។
ការអះអាងនេះ បានធ្វើងឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១។
ឯកឧត្តម សោម សូរីដា បានបន្តថា ក្រោយពីលុបបញ្ជីឈ្មោះបេក្ខជនបក្សភ្លើងទៀន អង្គការជាតិ និងអន្តរជាតិ បំពេញការងារពាក់ព័ន្ធនឹងការបោះឆ្នោត មិនបានរិះគន់មកលើស្ថាប័ន គ.ជ.បនោះទេ ពោលគឺដោយគ.ជ.ប មានភស្តុតាងច្បាស់លាស់ មុននឹងមានការសម្រេច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលសវនាការជាសាធារណៈ ដោះស្រាយពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរបស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី បានឆ្លើយនៅក្នុងសវនាការ គឺឈ្មោះបេក្ខជន៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១ ពួកគេមិនបានសរសេរ និងផ្ដិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន នៃគណបក្សមួយនេះ។
តាមការឆ្លើយបំភ្លឺលោក យ៉ែម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន ក្នុងសវនាការបានទទួលស្គាល់ថា បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបានបំពេញឯកសារដូចការលើកឡើងរបស់ដើមបណ្ដឹងចោទប្រាកដមែន។
ក្រៅពីនេះ លោកក៏ទទួលស្គាល់របាយការណ៍ ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់ចម្លើយរបស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារគណបក្សភ្លើងទៀន នៅខណ្ឌបឹងកេងកង ជាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន មួយចំនួនមិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ ពោលគឺក្រុមការងារគណបក្សជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស។
ការនេះគឺផ្ទុយទៅមាត្រា ៣៥ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/ឃុំសង្កាត់ ដែលត្រូវមានលក្ខខណ្ឌដូចជា៖ បេក្ខជនឈឈ្មោះត្រូវមានសញ្ជាតិខ្មែរពីកំណើត ចេះអាន និងសរសេរអក្សខ្មែរ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ/សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត និងមានអាយុយ៉ាងតិច២៥ឆ្នាំ គិតមកដល់ទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់៕អត្ថបទ៖ទូច សោភ័ណ