លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានព្រមានថា ការវាយលុកផ្នែកយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ «មិនទាន់ចប់នៅឡើយទេ» ដោយនិយាយថា ប្រតិបត្តិការនេះកំពុងធ្វើឲ្យថ្នាក់ដឹកនាំសាសនាអ៊ីរ៉ង់ចុះខ្សោយ។
បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលទីបញ្ជាការសុខភាពជាតិ កាលពីយប់ថ្ងៃចន្ទ លោក Netanyahu បានបញ្ជាក់ថា៖ «ក្តីប្រាថ្នារបស់យើង គឺនាំប្រជាជនអ៊ីរ៉ង់ឲ្យរួចផុតពីការគ្រប់គ្រងបំបិទសិទ្ធិគ្រប់យ៉ាង ហើយនៅទីបំផុត វាគឺអាស្រ័យលើពួកគេ។ ប៉ុន្តែមិនមានអ្វីត្រូវសង្ស័យនោះទេថា ជាមួយនឹងប្រតិបត្តិការដែលបានធ្វើឡើងរហូតមកដល់ពេលនេះ យើងកំពុងធ្វើឲ្យពួកគេចុះខ្សោយ ហើយយើងមិនទាន់ចប់ភារកិច្ចសព្វគ្រប់នៅឡើយទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក Ali Khamenei និងបង្កឲ្យមានសង្គ្រាមដែលបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។
ការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានកើតឡើង ២ថ្ងៃមុនពេលដែលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ត្រូវបានគ្រោងធ្វើកិច្ចចរចា បន្ទាប់ពីមានការចរចា ៣ជុំ នៅមុននោះ។ អ្នកសម្របសម្រួលអូម៉ង់ នៅក្នុងការពិភាក្សាទាំងនោះ បានឲ្យដឹងថា មាន «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» នៅក្នុងកិច្ចចរចាទាំងនេះ។
អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលកំណត់គោលដៅលើអ៊ីស្រាអែល និងធនធានរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់៕


