វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានបដិសេធមិនឆ្លើយតប ជុំវិញថា តើសហរដ្ឋអាមេរិកបានព្រមានដែរ ឬទេ ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ីរ៉ង់ ខណៈដែលសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា បានឈានចូលដល់ថ្ងៃទី១១ ហើយ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការវាយប្រហារសងសឹកពីអ៊ីរ៉ង់វិញ នៅទូទាំងឈូងសមុទ្រ។ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ទីក្រុងមូស្គូបានបញ្ជូនព័ត៌មានសម្ងាត់ទៅកាន់ទីក្រុងតេអេរ៉ង់ ក្នុងនោះរួមមានទាំងទីតាំងនៃនាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ផងដែរ។
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានធ្វើការទាក់ទងយ៉ាងដិតដល់ទៅកាន់រុស្ស៊ីកុំឲ្យចែករំលែកព័ត៌មានកំណត់គោលដៅ ជាមួយទីក្រុងតេអេរ៉ង់។
នៅពេលត្រូវបានសួរដោយសារព័ត៌មាន AFP អំពីសេចក្តីថ្លែងការណ៍របស់លោក Witkoff ឬថា តើប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin បានពិភាក្សាអំពីរឿងនេះ អំឡុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «អ្វីដែលខ្ញុំអាចនិយាយបាន គឺថា លោក Witkoff មានទំនាក់ទំនងជាប់លាប់ជាមួយសមភាគីរុស្ស៊ីរបស់លោក ហើយថា បណ្តាញទំនាក់ទំនងនេះ ពិតជាអាចឲ្យយើងផ្តល់សញ្ញាគ្នាទៅវិញទៅមក អំពីបញ្ហារសើបបំផុត»។
លោក Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនមានការចង្អុលបង្ហាញ ដែលថា រុស្ស៊ីកំពុងគាំទ្រអ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះនោះទេ ប៉ុន្តែប្រសិនបើពួកគេគាំទ្រមែន វាមិន «ជួយអ្វីបានច្រើនឡើយ»៕