អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយនៅថ្ងៃអង្គារនេះថា ពលរដ្ឋចិនជាង ១ម៉ឺននាក់ បានវិលត្រឡប់មកវិញដោយសុវត្ថិភាព ចេញពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា រួមទាំងអារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ។
លោក Guo និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា ក្រសួងការបរទេសចិនជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ ហើយភាគីទាំងអស់មាននូវទំនួលខុសត្រូវ ដើម្បីធានាដល់ស្ថិរភាព និងការផ្គត់ផ្គង់ថាមពលដ៏រលូត ។

លោក Guo និយាយថា ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសន្តិសុខថាមពលផ្ទាល់ខ្លួន ។
គួរឲ្យដឹងថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយនៅថ្ងៃអង្គារនេះថា ទីក្រុងតេអេរ៉ង់ នឹងមិនអនុញ្ញាតប្រេងសូម្បី ១លីត្រដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ា បើសិនជាការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនៅតែបន្ត បង្កឲ្យមានការព្រមានពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងច្រើនជាងមុន បើសិនជាពួកគេបិទការនាំចេញប្រេងពីតំបន់ផលិតថាមពលសំខាន់ៗ ។
សង្រ្គាមមួយនេះ បានធ្វើឲ្យផ្លូវដឹកជញ្ជូនសំខាន់នៅច្រកសមុទ្រ Hormuz បិទទាំងស្រុង ក្នុងនោះបណ្តាប្រទេសនៅលើពិភពលោក បានកាត់ផ្តាច់ ១ភាគ ៥នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ និងប្រេងសកលលោក ៕
