អាជ្ញាធរស៊ីបបានឃុំខ្លួនជនម្នាក់ដែលត្រូវបានសង្ស័យជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងដែលត្រូវបានចាប់ខ្លួននៅប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងទិញអាវុធ និងគ្រាប់រំសេវ សម្រាប់ការវាយប្រហារលើជនជាតិអ៊ីស្រាអែល ឬទីតាំងជនជាតិជ្វីហ្វ។ នេះបើតាមការបញ្ជាក់របស់រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ។
តាមរយៈសេចក្ដីថ្លែងការណ៍ រដ្ឋអាជ្ញាបានឲ្យដឹងបន្ថែមថា ជនសង្ស័យដែលកើតនៅប្រទេសលីបង់ និងដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Kamel M. ស្របតាមច្បាប់ឯកជនភាពរបស់អាល្លឺម៉ង់ ត្រូវបានចាប់ឃុំខ្លួននៅអាកាសយានដ្ឋាន Larnaca របស់ប្រទេសស៊ីប កាលពីថ្ងៃទី៦ ខែមីនា ពេលមកដល់ពីលីបង់។

យោងតាមរដ្ឋអាជ្ញា បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានចាប់ខ្លួនទាក់ទងនឹងការដឹកជញ្ជូនគ្រាប់រំសេវពិតចំនួន ៥០០គ្រាប់។ សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់លម្អិតថា តើគ្រាប់ទាំងនោះមកពីណា ឬថា តើគ្រាប់ទាំងនោះកំពុងឆ្ពោះទៅកាន់ទីណា។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា៖ «ប្រតិបត្តិការនេះបានបម្រើជាការរៀបចំ សម្រាប់ការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសទៅលើស្ថាប័នអ៊ីស្រាអែល ឬជ្វីហ្វ នៅអាល្លឺម៉ង់ និងអឺរ៉ុប»។
នគរបាលក៏បានឆែកឆេរផងដែរក្នុងអាផាតមិន (Apartment) របស់ជនសង្ស័យ នៅទីក្រុងប៊ែរឡាំង។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា នៅពេលដែលជនសង្ស័យ Kamel M. ត្រូវបានធ្វើបត្យាប័នទៅកាន់អាល្លឺម៉ង់ ចៅក្រមនឹងសម្រេចលើការឃុំខ្លួន មុនការកាត់ក្តី៕
