ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបង្ខំឱ្យជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី ដោយមើលឃើញថាលោកជាអ្នកតំណាងឪពុកលោក ជាអ្នកដែលគាំទ្រគោលនយោបាយដ៏តឹងរ៉ឹងរបស់ពួកគេ។

ប្រភពព័ត៌មានបាននិយាយថា ដោយមានអំណាចស្រាប់រួចទៅហើយ ឆ្មាំបដិវត្តន៍មិនទាន់ទទួលបានឥទ្ធិពលខ្លាំងជាងនេះនៅឡើយទេសចាប់តាំងពីសង្គ្រាមចាប់ផ្តើម ហើយបានជម្នះយ៉ាងឆាប់រហ័សលើការព្រួយបារម្ភរបស់ឥស្សរជននយោបាយ និងបព្វជិតជាន់ខ្ពស់ ដែលការប្រឆាំងរបស់ពួកគេចំពោះជម្រើសនេះបានពន្យារពេលការប្រកាសជាច្រើនម៉ោង។

បន្ថែមលើការព្រួយបារម្ភរបស់អ្នកដែលប្រឆាំងការតែងតាំងលោក Khamenei ជាមេដឹកនាំកំពូល លោកនៅតែមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយកាលពីល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា រយៈពេលជិត ៤៨ម៉ោងបន្ទាប់ពីការជ្រើសរើសលោកក្នុងអំឡុងពេលសង្គ្រាមដែលបានសម្លាប់ពលរដ្ឋអ៊ីរ៉ង់ជាងមួយពាន់នាក់។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បីរូបបាននិយាយថា ការជ្រើសរើសលោក Khamenei ដែលរៀបចំដោយឆ្មាំការពារ អាចបង្កើនជំហរឈ្លានពានបន្ថែមទៀតពីបរទេស និងការដាក់គំនាបផ្ទៃក្នុងតឹងរ៉ឹងជាងមុន។ ពីរនាក់ក្នុងចំណោមពួកគេព្រួយបារម្ភថាការគ្រប់គ្រងរបស់កងឆ្មាំលើប្រព័ន្ធនេះ នឹងផ្លាស់ប្តូរសាធារណរដ្ឋអ៊ីស្លាមបន្ថែមទៀតទៅជារដ្ឋយោធាដែលមានតែស្រទាប់ស្តើងនៃភាពស្របច្បាប់ខាងសាសនា ។ ទោះបីជាលោក Mojtaba Khamenei ជាប្រតិបត្តិករមានឥទ្ធិពលរយៈពេលជាច្រើនទសវត្សរ៍ដែលបានគ្រប់គ្រងការិយាល័យរបស់ឪពុកលោកក៏ដោយ ក៏នៅតែជាឥស្សរជនមិនល្បីល្បាញសម្រាប់ពលរដ្ឋអ៊ីរ៉ង់ជាច្រើន។