ប្រធានស្ថាប័នបាននិយាយថា រដ្ឋជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ទី១០ ខែមីនា ពិភាក្សាពីវិបត្តិដើម្បីវាយតម្លៃសន្តិសុខនៃការផ្គត់ផ្គង់ និងការបញ្ចេញស្តុកបន្ទាន់ដែលអាចធ្វើទៅបាន ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងធ្វើឱ្យទីផ្សាររង្គោះរង្គើ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីសរបស់រដ្ឋមន្ត្រីថាមពលប្រទេស G7 ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចកើតចេញពីជម្លោះ នាយកប្រតិបត្តិ ទីភ្នាក់ងារ IEA លោក Fatih Birol បាននិយាយថា លោកកំពុង «ទាក់ទងជាប់ជាប្រចាំ»ជាមួយរដ្ឋមន្ត្រីថាមពលមកពីប្រទេសផលិតថាមពលធំៗ និងអ្នកប្រើប្រាស់ទាក់ទងនឹងស្ថានភាពនេះ។ លោកបាននិយាយមុនកិច្ចប្រជុំថា «នៅក្នុងទីផ្សារប្រេង ស្ថានភាពបានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

បន្ថែមលើបញ្ហាប្រឈមនានានៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ការផលិតប្រេងយ៉ាងច្រើនត្រូវបានកាត់បន្ថយ។ នេះកំពុងបង្កើតហានិភ័យសំខាន់ៗ និងកំពុងកើនឡើងសម្រាប់ទីផ្សារ។ លោក Birol បាននិយាយថា កិច្ចប្រជុំ G7 បានដោះស្រាយ «ជម្រើសទាំងអស់ដែលមាន រួមទាំងការធ្វើឲ្យស្តុកប្រេងបន្ទាន់របស់ទីភ្នាក់ងារ IEA អាចដំណើរការបាននៅលើទីផ្សារ»។ លោក Gilberto Pichetto Fratin រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលរបស់ប្រទេសអ៊ីតាលី បាននិយាយថា ទាក់ទងនឹងការបិទច្រកសមុទ្រ Hormuz «ប្រទេសនានាបានប្តេជ្ញាបង្ហាញសាមគ្គីភាពដោយប្រើប្រាស់ប្រេងបម្រុងដែលបានស្តុកទុក ដើម្បីទូទាត់សងចំពោះកង្វះក្នុងការប្រើប្រាស់បាននៅក្នុងកម្រិតសកល»។ តម្លៃប្រេងឆៅបានប្រែប្រួលខ្លាំងដោយសារការរំខានដល់ការផ្គត់ផ្គង់ ដោយបានហក់ឡើង៣០ភាគរយកាលពីថ្ងៃចន្ទដល់ជិត១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះមកវិញនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណា ហានិភ័យនៅតែមាន ដោយអ៊ីរ៉ង់បានសន្យាកាលពីថ្ងៃអង្គារថា នឹងគ្មានប្រេងសូម្បីតែមួយលីត្រត្រូវបាននាំចេញពីឈូងសមុទ្រ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសនេះ។