នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ថា អ៊ីស្រាអែលនឹងបែងចែកថវិកាពិសេសរាប់សិបពាន់លានដុល្លារសម្រាប់ការចំណាយលើវិស័យការពារជាតិបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញវត្ថុដល់សង្គ្រាមតាមអាកាសជាមួយប្រទេសអ៊ីរ៉ង់។

លោក Smotrich បាននិយាយថា គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នាកាលពីយប់ថ្ងៃអង្គារ ដើម្បីអនុម័តថវិកាសង្គ្រាមពិសេស។ លោកបាននិយាយថា «នេះពុំមែនជាការចំណាយទេ វាជាការវិនិយោគ»។ លោក Netanyahu បាននិយាយថា ទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែល មានភាពរឹងមាំខ្លាំង ទោះបីជាមានសង្គ្រាមជាងពីរឆ្នាំមកនេះក៏ដោយ។

ទន្ទឹមនឹងនេះ សំឡេងស៊ីរ៉ែនត្រូវបានលាន់លឺនៅទូទាំងទីក្រុង Tel Aviv និងអ៊ីស្រាអែលភាគកណ្តាល និងនៅក្រុងយេរុយសាឡឹមជាច្រើនដងកាលពីយប់ថ្ងៃពុធ ទី១១ ខែមីនា ជាការព្រមានអំពីការវាយប្រហាររបស់អ៊ីរ៉ង់ ហើយមីស៊ីលត្រូវបានគេមើលឃើញនៅលើអាកាសលើទីក្រុង Hebron និងទីក្រុង Ramallah ក្នុងតំបន់ West Bank។
ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្ស១២នាក់។ អ៊ីរ៉ង់ក៏បានវាយប្រហារមូលដ្ឋានយោធា និងបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់។