សហភាពអឺរ៉ុប បានប្រកាសពីផែនការមួយដើម្បីជំរុញការវិនិយោគផ្នែកឯកជនលើរ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ ដោយមានគោលបំណងចាប់ផ្តើមប្រតិបត្តិការនៅដើមទសវត្សរ៍ឆ្នាំ២០៣០។ គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងជំរុញការវិនិយោគលើបច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងពេលតម្លៃថាមពលកើនឡើងខ្លាំង។

អឺរ៉ុបមានផែនការផ្តល់ការធានាវិនិយោគដែលមានតម្លៃប្រហែល២០០លានអឺរ៉ូក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីជួយទាក់ទាញមូលនិធិពីវិស័យឯកជន។ ការធានាទាំងនេះ មានបំណងគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ ដែលមានទំហំតូចជាងរ៉េអាក់ទ័រធម្មតា និងត្រូវបានគេចាត់ទុកថាមានចំណាយតិចជាងក្នុងការសាងសង់។

នៅអឺរ៉ុប ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បានធ្លាក់ចុះចាប់តាំងពីគ្រោះថ្នាក់នុយក្លេអ៊ែរនៅប្រទេសជប៉ុនក្នុងឆ្នាំ២០១១។ តំបន់នេះ បានពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលថាមពលពីប្រទេសរុស្ស៊ី និងបានបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា «ការកាត់បន្ថយចំណែកនៃនុយក្លេអ៊ែរ គឺជាជម្រើសមួយ» ប៉ុន្តែ «វាជាកំហុសផ្នែកយុទ្ធសាស្ត្រសម្រាប់អឺរ៉ុបក្នុងការងាកចេញពីប្រភពថាមពលដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យនៃថាមពលបញ្ចេញឧស្ម័នទាប»។