កាលពីថ្ងៃពុធ (១១ មីនា) រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងបំណងកាត់បន្ថយតម្លៃប្រេងដែលបានហក់ឡើងខ្ពស់ ដោយសារតែភាពរអាក់រអួលនៃការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។

លោក Wright បាននិយាយថា ការបញ្ចេញប្រេងនេះគឺជាផ្នែកមួយនៃការបញ្ចេញប្រេងសរុបចំនួន ៤០០ លានបារ៉ែល ដែលត្រូវបានឯកភាព ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានសមាជិក ៣២ ប្រទេស កាលពីដើមថ្ងៃដដែលនោះ។ លោក Wright បានបន្តថា ការបញ្ចេញប្រេងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយនឹងប្រើពេលប្រហែល ១២០ ថ្ងៃ ដើម្បីដឹកជញ្ជូន។

អាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ឆ្លើយតបវិញតាមរយៈការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែល និងប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក។ ដើម្បីបង្កើនការគំរាមកំហែងដល់សេដ្ឋកិច្ចសកល កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានព្រមានថានឹងបន្តរារាំងការដឹកជញ្ជូនប្រេងពីតំបន់ឈូងសមុទ្រ លុះត្រាតែការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលត្រូវបានបញ្ឈប់។ សង្គ្រាមនេះបានធ្វើឱ្យកក្រើកទីផ្សារនៅជុំវិញពិភពលោក។

ដើម្បីបំពេញឃ្លាំងបម្រុងប្រេងរបស់ខ្លួនវិញ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិករូបនេះ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក បានរៀបចំផែនការដើម្បីជំនួសឃ្លាំងបម្រុងយុទ្ធសាស្ត្រទាំងនេះវិញ ជាមួយនឹងប្រេងប្រមាណ ២០០ លានបារ៉ែល ក្នុងរយៈពេល ១ឆ្នាំខាងមុខ»៕