ប្រភពមួយដែលបានដឹងបញ្ហានេះ បាននិយាយកាលពីថ្ងៃពុធ១១មីនា សប្ដាហ៍នេះថា មន្ត្រីមកពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានប៉ាន់ប្រមាណក្នុងអំឡុងពេលសន្និសីទសភានៅសប្តាហ៍នេះថា ត្រឹមរយៈពេល៦ថ្ងៃដំបូងនៃសង្គ្រាមលើអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់យ៉ាងហោចណាស់១១,៣ ពាន់លានដុល្លារ ។

តួលេខដែលបានពីការប្រជុំបិទទ្វារសម្រាប់សមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ពុំបានរាប់បញ្ចូលការចំណាយទាំងមូលនៃសង្គ្រាមនោះទេ។ ចំនួននេះបានផ្តល់ជូនដល់ក្រុមតំណាងរាស្ត្រ ខណៈពួកគេបានទាមទារព័ត៌មានបន្ថែមអំពីជម្លោះនេះ។

ជំនួយការសភាជាច្រើនបាននិយាយថា ពួកគេរំពឹងថាសេតវិមាននឹងដាក់សំណើទៅកាន់សភាសុំមូលនិធិបន្ថែមសម្រាប់សង្គ្រាមក្នុងពេលឆាប់ៗនេះ។ មន្ត្រីមួយចំនួនបាននិយាយថា សំណើនេះអាចមានចំនួន៥០ ពាន់លានដុល្លារ ខណៈអ្នកផ្សេងទៀតបាននិយាយថា ការប៉ាន់ប្រមាណនេះហាក់ដូចជាទាបពេក។
រដ្ឋបាលមិនបានផ្តល់ការវាយតម្លៃជាសាធារណៈអំពីការចំណាយនៃជម្លោះ ឬគំនិតច្បាស់លាស់អំពីរយៈពេលដែលរំពឹងទុករបស់សង្គ្រាមនេះនោះទេ។លោក Trump បាននិយាយក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋ Kentucky កាលពីថ្ងៃពុធថា ពួកលោកបានឈ្នះសង្គ្រាមហើយ ប៉ុន្តែសហរដ្ឋអាមេរិកនឹងនៅតែប្រយុទ្ធដើម្បីបញ្ចប់ការងារ។
តួលេខ ១១,៣ ពាន់លានដុល្លារនេះត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃពុធដោយសារព័ត៌មាន New York Times។មន្ត្រីរដ្ឋបាលក៏បានប្រាប់ក្រុមតំណាងរាស្ត្រផងដែរថា ទំហំថវិកាគ្រាប់រំសេវចំនួន ៥,៦ ពាន់លានដុល្លារត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលពីរថ្ងៃដំបូងនៃការវាយប្រហារ៕


