អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា កិច្ចចរចាសន្តិភាពជុំបន្ទាប់រវាងរុស្ស៊ី-អ៊ុយក្រែន ដែលមានការសម្របសម្រួលពីសហរដ្ឋអាមេរិក អាចនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក Peskov បានបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចរចាលើបញ្ហាអ៊ុយក្រែន មានអាកប្បកិរិយាវិជ្ជមានចំពោះទីក្រុងអ៊ីស្តង់ប៊ុល ក្នុងនាមជាវេទិកាចរចា ដូច្នេះការពិគ្រោះយោបល់អាចនឹងបន្តធ្វើឡើងនៅទីនោះ។

លោក Peskov បន្ថែមថា៖ «កាលៈទេសៈពេលនេះ មិនទាន់អនុញ្ញាតឱ្យគ្រប់ភាគីពិចារណាលើជម្រើសទីក្រុងអាប៊ូដាប៊ី នៅឡើយទេ ហើយការចរចាលើដំណោះស្រាយអ៊ុយក្រែន ដែលធ្លាប់ធ្វើនៅទីក្រុងអាប៊ូដាប៊ី នឹងត្រូវបន្តធ្វើនៅពេលអនាគត។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនទាន់មានព័ត៌មានជាក់លាក់ណាមួយទាក់ទងនឹងទីកន្លែង និងកាលបរិច្ឆេទច្បាស់លាស់នៃការរៀបចំនៅឡើយទេ»។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឡើងនូវផែនការសម្រាប់កិច្ចពិភាក្សាសន្តិភាពត្រីភាគីជុំថ្មីមួយទៀតនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីកិច្ចចរចាដែលដើមឡើយគ្រោងធ្វើឡើងកាលពីសប្តាហ៍មុននៅអេមីរ៉ាតអារ៉ាប់រួម ត្រូវបានពន្យារពេល ហើយអាចនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស ឬក៏ទួរគី។
ក្រោយមក បន្ទាប់ពីបានពិភាក្សាជាមួយសមភាគីទួរគី លោក Zelenskyy បាននិយាយថា ទួរគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាសន្តិភាពជុំថ្មីនេះ ដោយមិនបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ។ របៀបវារៈសំខាន់ៗសម្រាប់កិច្ចពិភាក្សានេះ រួមមានការបន្តផ្លាស់ប្តូរឈ្លើយសឹក និងការរៀបចំសេចក្ដីព្រាងសម្រាប់លទ្ធភាពនៃជំនួបត្រីភាគីរវាងមេដឹកនាំប្រទេសទាំងបី៕

