ក្រសួងសុខាភិបាលលីបង់បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២មីនាសប្ដាហ៍នេះថា មនុស្សយ៉ាងហោចណាស់៨នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលើឆ្នេរសមុទ្រ Ramlet al-Baida នៃទីក្រុងបេរូត ខណៈអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកពាសពេញប្រទេសនិងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ប្រទេសលីបង់បាននិយាយកាលពីថ្ងៃពុធថាចំនួនអ្នកស្លាប់ក្នុងរយៈពេល ១០ ថ្ងៃនៃការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា បានកើនឡើងដល់ ៦៣៤ នាក់ ខណៈមនុស្សជាង ៨០០.០០០ នាក់បានចុះឈ្មោះជាអ្នកភៀសខ្លួនចេញពីផ្ទះសម្បែង។
នៅក្នុងតួលេខដែលបានធ្វើបច្ចុប្បន្នភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Rakan Nassereddine បានប្រាប់សន្និសីទសារព័ត៌មានមួយថាចំនួនអ្នកស្លាប់រួមមានកុមារ៩១នាក់ ខណៈមនុស្សជាង ១.៥០០ នាក់បានរងរបួស។
រដ្ឋមន្ត្រីសង្គមកិច្ចលោកស្រី Haneen Sayed បាននិយាយថាចំនួនអ្នកផ្លាស់ទីលំនៅដែលបានចុះឈ្មោះរបស់ពួកគេនៅលើគេហទំព័រជាប់ទាក់ទងជាមួយក្រសួង បានកើនឡើងដល់ប្រហែល ៨១៦.០០០ នាក់ រួមទាំងប្រហែល ១២៦.០០០ នាក់កំពុងស្នាក់នៅក្នុងជម្រករួម៕

