អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនពិតជាបានវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងដែលមានដោតទង់ជាតិថៃ ឈ្មោះ Mayuree Naree នៅក្នុងច្រកសមុទ្រហ័រមូស (Hormuz) ដោយអះអាងថា នាវានោះមិនបានអើពើនឹងការព្រមានជាច្រើនដង ហើយបានប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នោះ ដោយខុសច្បាប់។ គួរឱ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា នាវាណាក៏ដោយដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស នឹងត្រូវកំណត់គោលដៅ។

ហេតុការណ៍នេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងតាមផ្លូវសមុទ្រនៅក្នុងតំបន់ឈូងសមុទ្រ ជាទីដែលនាវាដឹកជញ្ជូនទំនិញបានរងការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីជម្លោះបានរីករាលដាលកាន់តែខ្លាំងកាលពីចុងខែកុម្ភៈ។ របាយការណ៍បានឱ្យដឹងថា នាវិកចំនួន ៣នាក់នៃនាវាថៃ បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារនោះ។
អ៊ីរ៉ង់ក៏បានអះអាងដែរថា ខ្លួនបានកំណត់គោលដៅលើនាវាដឹកទំនិញជាច្រើនគ្រឿងទៀត ខណៈក្រុមឃ្លាំមើលនាវាចរណ៍អង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានរាយការណ៍ពីការវាយប្រហារជាច្រើនលើក ទាំងនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ។
ក្រុមហ៊ុន Precious Shipping ដែលជាប្រតិបត្តិករនាវាដែលចុះបញ្ជីនៅថៃនោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់ផ្លោងពីរគ្រាប់ដែលមិនស្គាល់ប្រភពដើម បានវាយប្រហារនាវាដឹកទំនិញផែស្ងួត Mayuree Naree ដែលមានទង់ជាតិថៃ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ កាលពីព្រឹកថ្ងៃពុធ ទី១១ ខែមីនា ដោយបណ្តាលឱ្យមានការឆាបឆេះ និងបំផ្លាញបន្ទប់ម៉ាស៊ីន។
សេចក្ដីថ្លែងការណ៍បន្តថា «សមាជិកនាវិក ៣នាក់ត្រូវរាយការណ៍ថាបាត់ខ្លួន ហើយជឿថា ជាប់នៅក្នុងបន្ទប់ម៉ាស៊ីន ខណៈសមាជិកនាវិក ២០ នាក់ដែលនៅសល់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយបានទៅដល់ច្រាំងនៅប្រទេសអូម៉ង់ហើយ»៕

