យានរថពាសដែក និងទាហានប្រដាប់អាវុធធុនធ្ងន់ បានចេញល្បាតនៅតាមដងផ្លូវក្នុងទីក្រុង Westbury កាលពីថ្ងៃពុធ ទី១១ ខែមីនា ខណៈអាហ្វ្រិកខាងត្បូងបានដាក់ពង្រាយកងទ័ពទៅកាន់តំបន់ Johannesburg ដែលសំបូរដោយក្រុមជនអន្ធពាល ក្នុងការជំរុញថ្មីមួយដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មហិង្សា។

ប្រតិបត្តិការនេះ ជាផ្នែកមួយនៃការបង្ក្រាបនៅទូទាំងប្រទេសលើឧក្រិដ្ឋកម្មរៀបចំទុក ដែលបានមើលឃើញសមាជិកកងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូង (SANDF) ធ្វើដំណើរឆ្លងកាត់តំបន់នោះរួមជាមួយនគរបាល ធ្វើការល្បាតថ្មើរជើង និងបោសសម្អាតប្លុកលំនៅឋានដែលរងការបាញ់ប្រហារ និងអំពើហិង្សាទាក់ទងនឹងគ្រឿងញៀនជាយូរមកហើយ។ អ្នកស្រុក បានមកប្រមូលផ្តុំគ្នាតាមផ្លូវ និងខាងក្រៅផ្ទះដើម្បីមើលក្បួនរថយន្តចូលទៅ។
ទីក្រុង Westbury បានទប់ទល់នឹងសង្គ្រាមក្រុមជនអន្ធពាលរយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានការបាញ់ប្រហារជាប្រចាំ ធ្វើឱ្យគ្រួសារជាច្រើនមានការភ័យខ្លាច និងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ។

ការវាយប្រហារថ្មីៗជាច្រើន រួមទាំងឧប្បត្តិហេតុដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស បានបង្កើនការអំពាវនាវពីអ្នកស្រុកសម្រាប់អន្តរាគមន៍របស់រដ្ឋឱ្យកាន់តែរឹងមាំ។
ប្រធានាធិបតី លោក Cyril Ramaphosa បានប្រកាសកាលពីខែមុនថា កងទ័ពនឹងគាំទ្រដល់នគរបាលនៅចំណុចក្តៅនៃឧក្រិដ្ឋកម្មនៅទូទាំងប្រទេស ដោយចាត់ទុកអំពីឧក្រិដ្ឋកម្មរៀបចំទុក ថាជាការគំរាមកំហែងដោយផ្ទាល់ដល់លទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងត្បូង។