បន្ទាប់ពីផ្អាករយៈពេល ៦ឆ្នាំ សេវាកម្មរថភ្លើងដឹកអ្នកដំណើរដំបូង រវាងប្រទេសចិន និងកូរ៉េខាងជើង គ្រោងនឹងចេញដំណើរពីទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) នេះ ដែលជាផ្នែកមួយនៃចំណាត់ការបន្តបន្ទាប់របស់ប្រទេសចិន ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងកសាងទំនាក់ទំនងទ្វេភាគីឡើងវិញ។
បើយោងតាមការជូនដំណឹងកាលពីថ្ងៃទី១០ ខែមីនា ពីអាជ្ញាធរផ្លូវដែករបស់ចិន បានឲ្យដឹងថា បន្ទាប់ពីធ្វើដំណើររយៈពេល ២៤ម៉ោង និង ៤១នាទី តាមបណ្ដោយភាគខាងជើងនៃសមុទ្រ Bohai និងការឈប់សម្រាកនៅចំណត ក្នុងទីក្រុងព្រំដែន Dandong នៅភាគឦសាននៃប្រទេសចិន រថភ្លើង K27 ដែលចេញដំណើរពីទីក្រុងប៉េកាំង គ្រោងនឹងទៅដល់ទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង នៅវេលាម៉ោង ៦:០៧ល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃទី១៣ ខែមីនា។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមីនាថា ប្រទេសចិន និងកូរ៉េខាងជើង គឺជា «អ្នកជិតខាងដ៏ល្អនឹងគ្នា» ហើយសេវាកម្មរថភ្លើងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែន ជួយសម្រួលដល់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំង២។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិនក៏គាំទ្រផងដែរដល់ការពង្រឹងទំនាក់ទំនង រវាងអាជ្ញាធរនៃភាគីទាំង២ ដើម្បីបង្កើតលក្ខខណ្ឌកាន់តែងាយស្រួល សម្រាប់ការផ្លាស់ប្តូរបុគ្គលិកទ្វេភាគី។
គួរបញ្ជាក់ថា សេវាកម្មរថភ្លើងនេះ ត្រូវបានផ្អាកនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងកាលពីឆ្នាំ២០២០៕

