រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) និងសមភាគីបារ៉ែន លោក Abdullatif bin Rashid Al Zayani បានពិភាក្សាអំពីការវិវត្តជុំវិញអ៊ីរ៉ង់ ក្នុងការសន្ទនាតាមទូរស័ព្ទ ដោយសង្កត់ធ្ងន់លើតម្រូវការបញ្ចប់អរិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចាប់ផ្តើមកិច្ចចរចាសន្តិភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសរុស្ស៊ី។

ក្រសួងការបរទេសបាននិយាយថា៖«ភាគីនានាផ្តោតសំខាន់លើការវិវត្ត នៅក្នុងតំបន់ឈូងសមុទ្រ ចំពេលមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ ដែលបណ្តាលមកពីការឈ្លានពានដែលមិនបានបង្កហេតុរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់»។
ក្រសួងបានកត់សម្គាល់ថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការបញ្ចប់ការប្រយុទ្ធឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីស្វែងរកការសម្របសម្រួលសមហេតុផល។ ក្រសួងបានបន្ថែមថា៖«ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពមិនអាចទទួលយកបាននូវការវាយប្រហារដែលនាំឲ្យមានការស្លាប់របស់ជនស៊ីវិល និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប់ជិតខាងដែលមិនពាក់ព័ន្ធនឹងជម្លោះនេះ»៕
