ប្រទេសចិនបានលើកឡើងថា ខ្លួនមានការខកចិត្ត បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចគាំទ្រដោយរុស្ស៊ី ដែលបង្ហាញនូវទុក្ខសោក ចំពោះ «ការបាត់បង់ជីវិតដ៏គួរឲ្យសោកស្ដាយ ដោយសារអរិភាពដែលកំពុងបន្តមាន» នៅតំបន់មជ្ឈិមបូព៌ា។
លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា សេចក្តីព្រាងនេះ បានអះអាងឡើងវិញនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ UN ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យបញ្ឈប់វិធានការយោធា។

យោងតាមសារព័ត៌មាន Global Times បានឲ្យដឹងថា អំឡុងពេលនោះ លោក Fu បានបន្តថា សំណើនេះក៏បានថ្កោលទោសផងដែរដល់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងបានជំរុញឲ្យភាគីនានាវិលត្រឡប់ទៅរកការចរចាការទូតវិញ។ ហើយលោកបានបញ្ជាក់បន្ថែមថា៖ «ប្រទេសចិនស្វាគមន៍ និងគាំទ្រទង្វើនេះ ហើយមានការខកចិត្ត និងសោកស្តាយដែលសេចក្តីព្រាងសេចក្តីសម្រេចមិនទទួលបានការអនុម័ត»។
សេចក្តីព្រាងសេចក្ដីសម្រេចដែលលើកឡើងដោយប្រទេសរុស្ស៊ី ទទួលបានសំឡេងគាំទ្រចំនួន ៤ កាលថ្ងៃពុធ ពោលគឺពីប្រទេសរុស្ស៊ី ចិន សូម៉ាលី និងប៉ាគីស្ថាន។ តែសហរដ្ឋអាមេរិក និងឡាតវី បានបោះឆ្នោតប្រឆាំងនឹងវា ខណៈដែលប្រទេស ៩ ផ្ដល់សំលេងអនុបវាទ ដែលមានចក្រភពអង់គ្លេស បារាំង បារ៉ែន កូឡុំប៊ី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដាណឺម៉ាក ក្រិក លីបេរីយ៉ា និងប៉ាណាម៉ា៕
