យោងតាមការអះអាងរបស់បណ្តាញគ្រូពេទ្យស៊ូដង់ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១៧នាក់ ត្រូវបានសម្លាប់ រួមទាំងសិស្សស្រី គ្រូបង្រៀន និងកម្មករសុខភាពផងដែរ បន្ទាប់ពីការវាយប្រហារយានដ្រូនរបស់កងកម្លាំងគាំទ្ររហ័ស(RSF) លើសាលារៀន និងមណ្ឌលសុខភាព នៅរដ្ឋ White Nile ប្រទេសស៊ូដង់ ។

លោក Musa Al-Majri គឺជាប្រធានមន្ទីរពេទ្យ al-Duwaim និយាយថា ការវាយប្រហារកាលពីថ្ងៃពុធលើភូមិ Shukeiri បណ្តាលឲ្យមនុស្ស ១០នាក់ផ្សេងទៀត រងរបួសផងដែរ ។
បណ្តាញគ្រូពេទ្យស៊ូដង់ និយាយថា ឧក្រិដ្ឋកម្មដ៏អាក្រក់នេះ នៅតែបន្តធ្វើឡើងដោយកងកម្លាំង RSF ក្នុងរដ្ឋ Nile State ។ រយៈពេល ២ថ្ងៃកន្លងមកនេះ ទីតាំងស៊ីវិលជាច្រើនកន្លែង បានក្លាយជាគោលដៅវាយប្រហារ ដែលនេះឆ្លុះបញ្ចាំងពីការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ ។
បន្ទាប់ពីកងកម្លាំង RSFត្រូវបានរុញច្រានឲ្យចាកចេញពីរដ្ឋធានី Khartoum កាលពីខែមីនា ឆ្នាំ ២០២៥ ដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ចំណុះឲ្យរដ្ឋាភិបាល ក្រុមមួយនេះ បានផ្លាស់ប្តូរយុទ្ធនាការរបស់ខ្លួនទៅកាន់តំបន់ Kordofan និងទីក្រុង el-Fasher ស្ថិតនៅតំបន់ North Darfur ៕
