រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រសួងព័ត៌មានបារ៉ែនឃើញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់អណ្តាតភ្លើងនៅជិតអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុង Muharraq ប្រទេសបារ៉ែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
អណ្តាតភ្លើង និងសំណុំផ្សែងផុសលើអាកាស ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប្រឹងប្រែងទប់ស្កាត់អណ្តាតភ្លើង ។

ក្រសួងព័ត៌មានបារ៉ែនសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា រោងចក្រនៅទីក្រុង Muharraq បានក្លាយជាគោលដៅវាយប្រហាររបស់កងកម្លាំងអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី ១២ ខែមីនានេះ ។
ការវាយប្រហារតាមច្រកអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីរយៈពេល ២សប្តាហ៍មុន មកទល់នឹងពេលនេះ បានសម្លាប់មនុស្សប្រហែល ២ពាន់នាក់ ហើយនិងធ្វើឲ្យទីផ្សារថាមពលសកល និងការដឹកជញ្ជូនធ្លាក់ក្នុងភាពវឹកវរ ។
ជម្លោះនេះដែរ បានរីករាលពេញតំបន់មជ្ឈិមបូព៌ា ហើយបង្ខំឲ្យមានផែនការបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្តជាប់កំណត់ត្រា ដើម្បីកាត់បន្ថយផលប៉ះទង្គិចប្រេងឥន្ធនៈដ៏អាក្រក់បំផុតមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ៕
