លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi ប្រកាសកាលពីថ្ងៃពុធថា ជប៉ុននឹងបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្តរក្សាទុកដោយរដ្ឋ និងឯកជនរយៈពេល ៤៥ថ្ងៃ ស្របពេលដែលសង្រ្គាមនៅអ៊ីរ៉ង់ គំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ។
លោកស្រី Takaichi និយាយថា ការវាយប្រហារលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz មានន័យថា ការនាំចូលប្រេងត្រូវបានគេរំពឹងថា ធ្លាក់ចុះយ៉ាងគំហក់ នៅដំណាច់ខែនេះ ។
ជប៉ុនពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ា សម្រាប់ការផ្គត់ផ្គង់ប្រេងរបស់ខ្លួនប្រហែល ៩៥ភាគរយ ។

តម្លៃប្រេងកើនឡើងជិត ៥ភាគរយកាលពីយប់ថ្ងៃពុធកន្លងទៅ ស្របពេលការវាយប្រហារថ្មីលើនាវាដឹកប្រេងក្នុងច្រកសមុទ្រ Hormuz បានធ្វើក្តីបារម្ភពីការផ្គត់ផ្គង់ប្រេងកាន់តែអាក្រក់ទៅ ហើយក្រុមអ្នកវិភាគនិយាយថា សំណើរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ សម្រាប់ការបញ្ចេញប្រេងបម្រុងជាប់កំណត់ត្រា គឺមិនគ្រប់គ្រាន់នោះទេ ក្នុងការបន្ធូរបន្ថយក្តីបារម្ភ ៕
